រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលកំពុងជិះម៉ូតូ ត្រូវរថយន្តក្រុងដឹកអ្នកដំណើរបានជ្រុលទៅបុក។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាតឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ នៅចំណុចទល់មុខនឹងហាងខារ៉ាអូរខេ ដេវិន ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១៩៨៦ ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូហុងដាឌ្រីម សេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BV- 8412 ជិះម្នាក់ឯងក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់កន្លែងកើតហេតុត្រូវរថយន្តក្រុង ពណ៌សលាយខៀវ អត់មានស្លាកលេខ ក្នុងទិសដៅស្របគ្នាតាមផ្លូវ១៩៨៦ បុកយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលទៅនឹងចិញ្ចើមថ្នល់ របួសយ៉ាងធ្ងន់ ហើយរថយន្តក្រុងដែលបង្ក បានបើកគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ និងហៅរថយន្តសាមុយបានមកដឹកជនរងគ្រោះយកទៅព្យាបាល៕