ខេត្តព្រះសីហនុ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានសម្លាប់បុរសជនជាតិកូរ៉េ២នាក់បានស្លាប់ម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ ខណៈដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសារជិះម៉ូតូលឿនចុះចំណោតទៅបុករថយន្តដែលបើកបត់ឆ្លងផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងកាលពីម៉ោង១១ កន្លះព្រឹកថ្ងៃទី៩ ខែមេសា នៅចំណុចផ្លូវបែកចុះពីពន្ធាគារខេត្តព្រះសីហនុ លើដងវិថីឯករាជ្យ នៅត្រង់ចំណតតាខ្វាន់ ក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉ូឡា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2B-9903បើកដោយបុរសម្នាក់បត់ឆ្លងផ្លូវដោយមិនប្រយ័ត្ន នៅពេលនោះស្រាប់តែត្រូវម៉ូតូអ៊ែប្លែពណ៌ខ្មៅមួយគ្រឿងគ្មានស្លាកលេខ បើកដោយជនជាតិកូរ៉េឌុបគ្នា២នាក់ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តពេញទំហឹងបណ្តាលឲ្យមនុស្ស និងម៉ូតូដួលបោកនឹងថ្នល់បណ្តាលឲ្យបាក់ក ស្លាប់ម្នាក់នៅនឹងកន្លែងនិងម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់។ ក្រោយពីបង្កហេតុអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តចោលនៅ និងកន្លែងកើតហេតុ។
ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកនៅស្នងការដ្ឋាននគរបាលដើម្បីដោះស្រាយគ្នាតាមច្បាប់៕