ខេត្តបាត់ដំបង ៖ ជនសង្ស័យពីរនាក់ប្តីប្រពន្ធ ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋលួចយកទ្រព្យសម្បតិ្ត ។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២យប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សូ គីផ្លី ហៅឡុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិអ៊ីស្លាម និងឈ្មោះ វិញ គឹមសៀង ហៅ យួន ភេទស្រី អាយុ២៥ឆ្នាំជនជាតវៀតណាម ទាំងពីរនាក់មានទីលំនៅ និងមុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះមានមានឈ្មោះ គង់ ដូណាលី ភេទស្រី ស្នាក់នៅកន្លែងកើតហេតុខាងលើ។ វត្ថុតាងដែលបាត់មានប្រាក់ខ្មែរ២លានរៀល ប្រាក់ថៃ៥០០បាត ប្រាក់អាមេរិកកាង១០០ដុល្លារ និងសម្ភារៈមួយចំនួនទៀត។
នៅមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សូ គីផ្លី ហៅឡុង បានសារភាពថា ខ្លួនជាអ្នកចាំមើលផ្លូវហើយមិត្តភក្តិម្នាក់ទៀតជាអ្នកគាស់ទ្វារចូលលួច ក្រោយពីបានប្រាក់យើងចែកផ្លូវគ្នារៀងៗខ្លួន ហើយរូបគេបានយកចំណែកប្រគល់ឲ្យប្រពន្ធ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចឆែកឆេររកឃើញកាបូបស្ពាយចំនួន១ពណ៌សូកូឡា ខ្សែ.ក១ខ្សែ ក្រវិល១ចំហៀង ចិញ្ចៀន១វង់ ទូរស័ព្ទ១គ្រឿង កាតទូស័ព្ទចំនួន៨សន្លឹកស្មើរនឹង២២ដុល្លារ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត និងស្វែងរកបក្ខពួកម្នាក់ទៀត យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕