ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូទៅបុកគោយន្តកន្ត្រៃចតស្ងៀមនៅលើចិញ្ចើមថ្នល់គ្មានភ្លើងបំភ្លឺ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិភ្នំលៀបខាងលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ អោន រិត អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ គ្មានស្លាកលេខ ក្នុងគោលបំណងត្រឡប់ទៅផ្ទះ បន្ទាប់ពីមកលេងផ្ទះឳពុកម្តាយ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងបើកបរក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុជនរងគ្រោះចាំងភ្នែកភ្លើងរថយន្តមកពីទិសផ្ទុយគ្នា មើលមិនឃើញគោយន្តកន្ត្រៃចតពីមុខទិសដៅស្របគ្នា ដោយគោយន្តមិនមានភ្លើងសញ្ញាបំភ្លឺ ជនរងគ្រោះក៏ជិះបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹងបណ្តាលឲ្យបោកក្បាលនឹងទ្រុងគោយន្តបែកហូរឈាមស្លាប់មួយរំពេច។ ពេលឃើញសភាពបែបនេះអ្នកបើកគោយន្តក៏រត់គេចខ្លួនបន្សល់ទុកគោយន្តនៅកន្លែងកើតហេតុ។
ក្រោយបន្ទាប់ពីកើតហេតុសមត្តកិច្ចវាស់វែងរួចក៏ទំនាក់ទំនងក្រុមគ្រួសារមកទទួលយកសព ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកគោយន្ត និងម៉ូតូត្រូវបានសមត្តកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះររង់ចាំទុកដោះស្រាយតាមផ្លូវច្បាប់ ៕