ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកដុំថ្មគប់ពីរនាក់ប្តីប្រពន្ធ ដែលកំពុងជិះម៉ូតូ និងប្រើប្រាស់កាំបិតបុ័ងតោគំរាមជនរងគ្រោះ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ និងលុយកាក់ ខណៈដែលជនរងគ្រោះត្រឡប់មកពីបុណ្យដាភូមិនៅវត្តព្រែកថ្លឹង តែមិនបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥៥នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៉ាត ពៅ ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិតាក្តុល សង្កាត់មិត្តភាព ទីរួមខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ ឯម សំអ៊ុល ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ លន់ ធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ពូកខ្នើយ មានទីលំនៅក្នុងភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា ពេលដែលជនរងគ្រោះបើកម៉ូតូមកដល់ចំណុចភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ស្រាប់តែជនសង្ស័យទាំង២នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1D-0791 ប្រដាប់ដោយកាំបិតប៉័ងតោ មកអែបម៉ូតូកង់បីរបស់ជនរងគ្រោះហើយកៀរម៉ូតូកង់បីជនរងគ្រោះ ឲ្យឈប់នៅលើចិញ្ចើមផ្លូវជាតិលេខ២ ហើយបានចុះទៅប្រតាយប្រតបជាមួយប្រពន្ធជនរងគ្រោះដណ្តើមយកកាបូប ដាក់លុយ ។ ភ្លាមៗនោះជនរងគ្រោះក៏បានចូលទៅជួយស្ត្រីជាប្រពន្ធ បណ្តាលឲ្យក្រុមជនសង្ស័យយកដុំថ្មវាយក្បាលបែកហូរឈាមតែយកកាបូបលុយពុំបានសម្រេចទេ។
ពេលកើតហេតុកម្លាំងនគរបាលល្បាតបានឃាត់ខ្លួនក្រុមជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕