ខេត្ដបាត់ដំបង ៖ យុវជនញៀនថ្នាំម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពដោយយកកាំបិតទៅចាក់ឆ្កៀលកង់រថយន្ដរបស់គេ ហើយពេលដែលម្ចាស់រថយន្ដទៅប្រាប់បានយកកាំបិត ដេញចាក់ថែមទៀត ទើបត្រូវម្ចាស់រថ យន្ដប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួន ។ ករណីខាងលើនេះបានកើតឡើងនៅ វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៧ ខែ មេសា ឆ្នាំ២០១៤ នៅក្នុងក្រុមទី១៥ ភូមិអូរតាគាំ សង្កាត់ទួលតាឯក ក្រុង- ខេត្ដបាត់ដំបង ។
ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ម៉ៅ ប៊ុនហៀន អាយុ២៦ឆ្នាំ រស់នៅភូមិ-សង្កាត់កើត ហេតុខាងលើ ។ ចំណែកម្ចាស់រថយន្ដ ឈ្មោះ សែប ពិទូ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិ-សង្កាត់ជាមួយនឹង ជនសង្ស័យ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានថា នៅមុនពេលកើតហេតុម្ចាស់រថយន្ដបានបើករថយន្ដមកឈប់នៅមុខផ្ទះឈ្មោះវែង ហាក់ ជាបងប្អូនដើម្បីចូលសួរសុខទុក្ខ ។ នៅពេលដែលម្ចាស់រថយន្ដចូលទៅដល់ក្នុងផ្ទះបងប្អូនឈ្មោះ វែង ហាក់ ស្រាប់តែជនសង្ស័យបានយកកាំបិតមកកាប់ និងចាក់ឆ្កឹះកង់រថយន្ដ ។ ឃើញដូច្នេះឈ្មោះ ហាក់ គិតថា ជនសង្ស័យមានបំណងអ្វីមិនល្អក៏ប្រាប់ទៅជនសង្ស័យកុំឱ្យធ្វើដូចនេះ ប៉ុន្ដែត្រូវជនសង្ស័យបានយកកាំបិតដេញចាក់ ធ្វើឱ្យឈ្មោះ ហាក់ រត់ចូលទៅក្នុងផ្ទះ វិញ ។ បន្ទាប់មកជនសង្ស័យក៏បានទៅបាត់មួយសន្ទុះទំនងជាទៅផ្ទះទើបក្រោយបន្ដិចក៏ត្រឡប់មកវិញមានទាំងកាំបិតប៉័ងតោនៅក្នុងដៃដេញកាប់ទៅលើឈ្មោះ ហាក់ ។
នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយថា រូបគេពិតជាបានយកកាំបិតទៅកាប់និងចាក់ឆ្កៀល កង់រថយន្ដរបស់គេមែន តែចម្លើយរបស់ជនសង្ស័យហាក់ដូចជាពុំបញ្ជាក់ ពីមូលហេតុច្បាស់លាស់ដែរ។ តែយ៉ាងណាសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅស្នងការខេត្ដ ដើម្បីចាត់ការបន្ត៕