រាជធានីភ្នំពេញ ៖ ករណីចោរគាស់ផ្ទះយកទ្រព្យសម្បត្តិ បានកើតឡើងកាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈដែលម្ចាស់ផ្ទះចាក់សោទ្វារផ្ទះរួចនាំក្រុមគ្រួសារទៅ សែនផ្នូរ (ឆេងម៉េង) ហើយពេលត្រឡប់មកផ្ទះវិញត្រូវចោរមួយក្រុមគាស់ផ្ទះលួចយកលុយនិងទ្រព្យសម្បត្ដិអស់គ្មានសល់។
បើតាមការរៀបរាប់របស់ម្ចាស់ផ្ទះឈ្មោះ ម៉ិល គឹមស្រេង ភេទស្រី អាយុ៦៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨៣ ផ្លូវលេខ១៩២៨ សង្កត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៤ រូបគាត់និងក្រុមគ្រួសារបាន ចាក់សោទ្វារផ្ទះយ៉ាងគត់មត់ហើយបាន នាំគ្នាជិះរថយន្ដទៅស្រុកកំណើតដើម្បីសែនផ្នូរជូនជីដូនជីតា ។ លុះស្អែកឡើង ទើបត្រឡប់មកផ្ទះវិញ ហើយអ្វីដែលធ្វើឱ្យរូបគាត់រំជួលចិត្ដយ៉ាងខ្លាំងនោះគឺឃើញទ្វារផ្ទះ ត្រូវក្រុមចោរគាស់ចូលដល់ក្នុងរុករើ សម្ភារក្នុងផ្ទះយកអស់និងលុយទុកក្នុងទូគ្មានសល់ ដែលក្នុងនោះរួមមានកុំព្យូទ័រមួយគ្រឿងម៉ាក Apple លុយចំនួន៥០០ដុល្លារ លុយយូរ៉ូ៣០០០ ចិញ្ចៀនប្លាទីន២វង់ ខ្សែកប្លាទីន៤ជី ខ្សែដៃ និងខ្សែកមាស មានត្បូងទម្ងន់១តម្លឹង៦ជី ខ្សែកស្រោបរូបព្រះពុទ្ធមានបណ្ដោងស្រោបមាស៦ហ៊ុន និងលុយនៅក្នុងទូដែក១៥០ដុល្លារ ព្រមទាំងលុយខ្មែរ៤០ម៉ឺនរៀល ដែលសរុបទាំងអស់ជាង១ម៉ឺនដុល្លារអាមេរិក ។
ក្រោយកើតហេតុស្ដ្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងសមត្ថកិច្ច ដើម្បីជួយស្រាវជ្រាវរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕