សារាចរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​គ្មាន​ប្រសិទ្ធិភាព ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​អនុវត្ត ទើប​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​ឡើង​គគ្រឹកគគ្រេង ពេញ​ផ្លូវ​រាល់​យប់ ទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល បានចេញ​នូវ​បញ្ជា ក៏ដូចជា​អនុសាសន៍​ផ្សេងៗ ដែល​ទាំង​ទិន​នឹង​បញ្ហា​កាប់បំផ្លាញ​ព្រៃឈើ នោះ​មន្ត្រី​ថ្នាក់ក្រោម​ហាក់ដូចជា​មិន​អើពើ​ចំពោះ​សេចក្តីប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សោះឡើយ ហើយ​ថែមទាំង​គគ្លើន​បណ្តែតបណ្តោយ​ឲ្យ​រ​ថ​យ​ន្ត​ដឹកឈើ​ខុសច្បាប់​ប្រមាណ​ពី​៥០ ទៅ​៦០​គ្រឿងក្នុង​មួយ​យប់ៗ ឆ្លង​កាត់មុខ​ស្នាក់ការ​អភិរក្ស​ជីវៈចម្រុះ​សីមា​ដោយ​រលូន គ្មាន​ការបង្ក្រាប ។ ជំ​នួ​ញ​​ឈើ​ប្រណីត​ទាំងអស់នេះ​កើតឡើង​ពី​សកម្មភាព​ឈ្មួញ​កាប់បំផ្លាញ នឹងធ្វើ​ការដឹក​ជ​ញ្ជួ​ន​មកពី​តំបន់​ផ្សេងៗ រួមមាន​ដែនដី​ព្រៃ​អភិរក្ស​ដីព្រៃ​ប​ម្រុ​ង​​អចិន្ត្រៃយ៍​របស់​រដ្ឋ​ដីព្រៃ​គ្រប់គ្រង​ដោយ​បរិស្ថាន​នឹង​ដែន​ជំរក​សត្វព្រៃ​។​ល​។

 

ការឃុបឃិត​រវាង​ឈ្មួញ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ប្រភេទ​នៅក្នុង​តំបន់ រួមទាំង​មន្ត្រី​ជំនាញ បាន​ក្លាយជា​ប្រព័ន្ធ​មួយ​យ៉ាង​ចាក់​ស្រែះ​យ៉ាង​ស៊ី​ជ​ម្រៅ ដែល​មិនអាច​កាត់ផ្តាច់ រហូត​ក្លាយជា​អាជីវកម្ម​ដែល​មន្ត្រី​ខិ​ច​ខូច​ធ្វើ​មាន​ធ្វើបាន​ហើយ​បណ្ដោយ​ឲ្យ​មាន​បទល្មើស​យ៉ាង​អានាធិបតេយ្យ ឯ​កា​រ​ប​ង្ក្រាប​នាពេល​កន្លងមក គឺ​បង្ក្រាប​បានតែ​រថយន្ត​ដឹកឈើ​បន្តិចបន្តួច​ដូរ​បាយ​ហូប មិន​ប្រាប់ ឬ​បង់លុយ​ឲ្យ​ប៉ុណ្ណោះ ដើម្បី​បង្ហាញ​ស្នាដៃ​។ កា​រ​កា​ប់​បំផ្លាញ​ឈើ​ប្រណីត​ដោយ​ម៉ាស៊ីន​ត្រង់សឺន័រ​នៅ​តំបន់​ដែល​រដ្ឋ​ហាមឃាត់​ កំពុង​កើតមាន​យ៉ាង​ភ្លូកទឹកភ្លូកដី និង​អារច្រៀក​យកទៅលក់​នៅ​ប្រទេស​វៀតណាម ។ តំបន់​ដែល​គេ​កំពុង​លុកលុយ​កាប់បំផ្លាញ​ឈើ​ប្រណីត​ទាំងនោះ​ជា​តំបន់​ព្រៃ​ហាម​ឃាត់ទុក​សម្រាប់​ឲ្យ​សត្វព្រៃ​គ្រប់​ប្រភេទ​រស់នៅ​ក្នុ​ង​ព្រៃ​ហាមឃាត់​នោះ​ឈើ​ប្រណីត​ប្រភេទ​នាងនួន ធ្នង់ បេង ជិត​ផុត​ពូជ​ហើយ ដោយសារ​ក្រុម​ឈ្មួញ​ឈើ​ប្រណីត ហើយ​នៅពេល​អនាគត​ឈើ​ប្រ​ណី​ត​នៅ​ខេត្តមណ្ឌលគិរី អាច​នឹង​រលាយ​ហិនហោច​ជាមិនខាន បើ​គ្មាន​វិធានការ​ណាមួយ​ប្រកបដោយ​ប្រសិទ្ធភាព​ទេ ។​

 

​ទាក់ទិន​នឹង​ការដឹកជញ្ជូន​ឈើ​ប្រណីត​កំពុងតែ​មានការ​សម្រុក​ដឹក​ចេញ​យ៉ាងគំហុក​នាពេល​បច្ចុប្បន្ន​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាមផ្លូវ​ជាតិ​លេខ​៧៦​ពី​ស្រុក​អូររាំង​ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​មួយចំនួន​ក្នុងស្រុក​កែវ​សីមា ។ ការដឹក​ជ​ញ្ចូ​ន​ឈើ​ប្រណីត​នេះ​មាន​ប្រភេទ​ធ្នង់ នា​ង​នួ​ន បេង ដឹក​តាម​រថយន្ត​ឡង់​គ្រី​ស្ស័​រ ឡិច​ស៊ី​ស កាមរី តាមផ្លូវ​ឆ្ពោះទៅ​ច្រករបៀង​នីមួយៗ​តែងមាន​សមត្ថកិច្ច​ជាច្រើន​នៅតាម​ផ្លូវ​ដូចជា ប៉ូលីស​ប៉ុ​ស្តិ៍​​រដ្ឋបាល ប៉ូលីស​ស្រុក កងរាជអាវុធហត្ថ​ស្រុក ប៉ូលិស និង​យោធា​វរ​ការពារ​ព្រំដែន​គោក​ជាដើម ។ ចំណែក​នៅតាម​ផ្លូវជាតិ​លេខ​៧៦​វិញ មាន​ស​ម​ត្ថ​កិច្ច​រាប់មិនអស់​ចាប់តាំងពី​ស្រុក​រហូតដល់​ព្រំដែន​ដូចជា ប៉ូលីស​អធិការដ្ឋាន​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា ស្ថាប័ន​រដ្ឋបាល​ព្រៃឈើ ផ្នែក​ស​ង្កា​ត់​​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួងមហាផ្ទៃ គយ​ចល័ត ស្នាក់ការ​កងរាជអាវុធហត្ថ​ប្រចាំ​ទិស​យោធា​ដឺ​បេ និង​វរ​ការពារ​ព្រំដែន​គោក​របស់​ប៉ូលិស និ​ង​​យោធា​រួមទាំង​ក្រុមចម្រុះ​មួយ​ដែល​បង្កើតឡើង​ដោយ​គណៈកម្មការ​ខេត្ត​ចូលរួម​ជាច្រើន​ស្ថាប័ន ។ ជាមួយគ្នានេះ​នៅមាន​អ្នកប្រចាំការ​ជា​យោធា និ​ង​​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​ឈរជើង​ក្បែរ​ច្រកទ្វារព្រំដែន​ទៀត នេះ​មិនទាន់​គិត​សមត្ថកិច្ច​ច្រកទ្វារ​ផង​ទេ ។​

 

​ពាក់ព័ន្ធ​បញ្ហា​ទាំងអស់នេះ មតិ​មហា​ជន់​មានការ​ងឿងឆ្ងល់​ថា សមត្ថកិច្ច​មាន​ច្រើន​ស្ថាប័ន​បែបនេះ និង​សុទ្ធសឹង​ជា​សមាសភាព​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ទាំងអស់​ដែល​ទទួល​អនុវត្ត​សារាចរ​លេខ​០១​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចុះ​ហេតុអ្វី​បានជា​នៅតែមាន​ឈើ​ប្រណីត​ដឹកជញ្ជូន​ដោយ​សេរី​​តា​ម​​រថយន្ត​គ្រប់​ធុន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​បែបនេះ​ទៅវិញ ? ព្រោះ​ការដឹកជញ្ជូន​ឈើ​ប្រណីត​មិនអាច​លាក់បាំង​ពី​ភ្នែក​មហា​ជ​ន​​បានទេ ។ បើតាម​ប្រភពពី​អ្នក​ប្រកប​របរ​រកស៊ី​ដឹកជញ្ជូន​ឈើ​ជាច្រើន​នាក់​បាន​ត្អូញត្អែរថា ការរកស៊ី​ដឹកឈើ​ប្រណីត​នេះ​ពុំ​សូវ​ចំណេញ​ច្រើន​ទេ ព្រោះ​​ត្រូវ​បង់លុយ​ជូន​កម្លាំង​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​ពេក ហើយ​ក្នុង​មួយ​ស្ថាប័ន​បើ​រថយន្ត​ឡង់​គ្រី​ស្ស័​រ ឬ​ឡិច​ស៊ី​ស មួយ​ជើង​ចាប់ពី​២០​ម៉ឺន​រៀល​រហូ​តដ​ល់​១០០​ដុល្លារ ឯ​រថយន្ត​កាមរី និង​សាំ​យ៉ុង​ចាប់ពី​៨​ម៉ឺន​រៀល​រហូតដល់​២០​ម៉ឺន​រៀល​ក្នុង​មួយ​ជើង​សម្រាប់​មួយគ្រឿង​ក្នុង​មួយ​ស្ថាប័ន ។ ក្រុម​អ្នករកស៊ី​បាន​បញ្ជាក់ថា ស្ថាប័ន​ដែល​យកលុយ​ច្រើន ជាងគេ​គឺ​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ក្រសួង ក្រុមចម្រុះ ។​

 

​សូមបញ្ជាក់ថា អ្នក​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ប្រទេស​វៀតណាម បច្ចុប្បន្ន​ភាគច្រើន​សុទ្ធសឹង​ជា​អ្នកមាន​ខ្នងបង្អែក ទើប​អាច​ប្រ​ក​ប​​របរ​នេះ​បាន បើ​គ្មាន​ខ្សែរយៈ​ទេ​មិនអាច​រកស៊ី​របរ​នេះ​បានឡើយ ។ ដូចជា​ការបង្ក្រាប​នាពេល​កន្លងមក​ស្ទើរ​គ្រប់​ស្ថាប័ន ភាគច្រើន គឺ​បង្ក្រាប​បា​ន​តែ​រថយន្ត​ដឹកឈើ​ណា​ដែល​ក្រឡាប់​បែក​កង់ ឬ​រថយន្ត​ខូច​នៅតាម​ផ្លូវ​មិនអាច​ទៅមុខទៀត​បាន និង​រថយន្ត​ដែល​ពុំបាន​បង់លុយ ឬ​បង់លុយ​មិន​គ្រ​ប់​​តាម​ជើង​ប៉ុណ្ណោះ បើ​មិន​ដូច្នេះ​ត្រូវ​សមត្ថកិច្ច​ដេញចាប់​ឲ្យ​ខាន​តែ​បាន​ដើម្បី​យក​ធ្វើជា​ស្នាដៃ​តែម្តង​៕

07-4-2014 (1) 07-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published