ខេត្ដកណ្ដាល ៖ ស្ត្រីម្នាក់ត្រូវបានដេកសន្លប់ស្តូកស្តឹង ក្រោមស្នាដៃនៃប្តីចិត្តកំណាច វាយទាត់ធាក់របួសពេញរាងកាយដេកដួលសន្លប់ស្ដូកស្ដឹងក្បែរគុម្ពចេក ។ ករណីប្តីប្រើអំពើហិង្សាលើប្រពន្ធបានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ នៅភូមិពពាខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។
ជនរងគ្រោះមានឈ្មោះ លី អ៊ុន ភេទស្រី អាយុ៥២ឆ្នាំ ចំណែកប្ដីឈ្មោះ យ៉ាន់ យ៉េង អាយុ៥៤ឆ្នាំ អ្នកទាំង២មុខរបរជាកសិករ និងមានទីលំនៅក្នុងភូមិឃុំកើតហេតុ។ ក្រុមគ្រួសារនេះត្រូវអ្នកជិតខាងប្រាប់ថា ឈ្លោះប្រកែកគ្នារាល់ថ្ងៃពេលខ្លះឈានដល់ប្រើអំពើហិង្សាមួយសន្ទុះក្រោយមកក៏ត្រូវគ្នាវិញ ។
តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃកើតហេតុស្ដ្រីរងគ្រោះបានត្រឡប់មកពីផ្សារទិញម្ហូប។ លុះពេលមកជិតដល់ផ្ទះឃើញប្ដីអង្គុយផឹកស្រា ជាមួយអ្នកភូមិឃើញដូច្នោះស្ដ្រីជាប្រពន្ធក៏ស្ដីបន្ទោសធ្វើឱ្យបុរសជាប្ដីខឹងសម្បាស្ទុះទៅវាយទាត់ធាក់ដូចបាវ សាក់សន្លប់ស្ដូកស្ដឹងតែម្ដង ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយប្ដីបានគេចខ្លួនបាត់ ហើយស្ដ្រីជាប្រពន្ធក៏បានមកដាក់ពាក្យបណ្ដឹង ។ មួយសន្ទុះក្រោយមកក៏មកដកពាក្យបណ្ដឹងវិញដោយនិយាយថា គ្មានអ្នកណាជួយរកស៊ីចិញ្ចឹមកូន ។
តាមប្រភពដដែលបានឱ្យដឹងថា ករណីខាងលើនេះសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងហើយ ប៉ុន្ដែស្ដ្រីជាប្រពន្ធក៏បានដកពាក្យបណ្ដឹងវិញ ដោយគ្រាន់តែសុំឱ្យសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្ដីធ្វើការអប់រំ តែពេលនេះបុរសជាប្ដីបានរត់គេចខ្លួន ។ ទោះយ៉ាងណាក៏ដោយសមត្ថកិច្ចនៅតែចាត់វិធានការតាមផ្លូវច្បាប់ដដែល ៕