គ្រាន់តែ​រូប ខេមរៈ សេរី​មន្ត ធំ​ជាង ព្រាប សុវត្ថិ អន់ចិត្ត​ប្តឹង​ឲ្យ​បិទ​ការប្រគំ​តន្ត្រី នៅ​ខេត្តស្ទឹងត្រែង​

, , Leave a comment

​រាជធានី​ភ្នំពេញ តារាចម្រៀង​ចាស់វស្សា ដែល​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក ព្រាប សុវត្ថិ បាន​ប្តឹង​ទៅកាន់​ប៉េអឹម​ខេត្តស្ទឹងត្រែង ដោយសារតែ​តារាចម្រៀង​រូបនេះ​ខឹងសម្បា​ទៅនឹង​អ្នកគ្រប់គ្រង​កម្មវិធី ឌី​ហ្សា​ញ​ផ្ទាំង​ប៉ាណូ​ដាក់​រូប​តារាចម្រៀង ខេមរៈ សេរី​មន្ត នៅ​ពីលើ និង​ធំ​ជាង​ខ្លួន ខណៈ​នៅថ្ងៃនោះ ខេមរៈ សេរី​មន្ត ត្រូវ​ឡើង​ច្រៀង ។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​។​

 

​ប្រភពពី​គេហទំព័រ​ប៉ុស្តិ៍​ខ្មែរ​បាន រាយការណ៍​មក​ថា “​ការប្រគំ​តន្ត្រី​កាលពី​ថ្ងៃទី​២៩ មីនា នៅ​ខេត្តស្ទឹងត្រែង​ដែល​ត្រូវ​តារាចម្រៀង ព្រាប សុវត្ថិ ប្តឹង​ឲ្យ​បិទ​ការប្រគំ​តន្ត្រី​ដែល​ឡើង​ច្រៀង​ដោយ ខេមរៈ សេរី​មន្ត នោះ ត្រូវបាន​លោក មុនី​វណ្ណ អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ឆាក ភ្លើង​ភ្លេង SL បញ្ជាក់​ឲ្យ​ដឹងថា នោះ​ជាការ​ប្រគំ​តន្ត្រី​របស់​ក្រុមហ៊ុនទូរស័ព្ទ ស្មា​ត (Smart Mobile)​។​

 

​លោក មុនី​វណ្ណ ឲ្យ​ដឹងថា តាមពិតទៅ ព្រាប សុវត្ថិ បាន​បញ្ជា​ឲ្យ​ដោះ​រូបគាត់​(​ផ្ទាំង​ប៉ាណូ​) ចោល​៣​ដង​រួចមកហើយ​កាលពី​ការប្រគំ​តន្ត្រី​មុនៗ តែ​ក្រុមហ៊ុន​ស្មា​ត​ចេះតែ​អត់ធ្មត់​។ លោក​និយាយថា​៖ «​ខ្ញុំ​មិន​កាន់ជើង​ស្មា​ត​ទេ ធម្មតា ប៉ាណូ តែ​បោះពុម្ព​ហើយ គឺ​យកទៅ​ប្រើ​ផ្សព្វផ្សាយ​គ្រប់​ខេត្តហើយ គឺ​គេ​ដាក់​គ្រប់​តារា​ដែល​កុងត្រា ច្រៀង​ហ្នឹង​ដើម្បី​ទាក់ទាញ តែ​កាល​នៅ​ស្ទឹងត្រែង​ហ្នឹង ព្រាប សុវត្ថិ បែរជា​ថា គេ​មិន​ទៅ​ច្រៀង​ផង​ម៉េច​ដាក់​រូបគេ តែ​នោះ​គឺ​រូបថត​តារា​គ្រប់គ្នា​ហ្នឹង មិនមែន​រូបគាត់​ម្នាក់​ឯង​ឯណា​»​។​

 

​លោក​បន្តថា​៖ «​រីឯ​រឿង​មួយទៀត ធម្មតា​គេ​ប្រូ​ម៉ូ​សិន គេ​មិន​ធ្វើ​ប៉ាណូ​ផ្សព្វផ្សាយ និង​ដាក់​លើ​ឆាក​គ្រប់​តារា​ច្រៀង​ទាំងអស់​ដែល​កុងត្រា​ច្រៀង ហើយ​យក​ប៉ាណូ​ហ្នឹង​ទៅ​ផ្សាយ​គ្រប់​ឆាក​នៅពេល​ប្រគំ​តន្ត្រី ទោះបីជា​តារា​ណា​មិនបាន​ទៅ​ក៏ដោយ ព្រោះ​កម្មវិធី​ច្រៀង តារា​នីមួយៗ​គឺ​ឆ្លាស់គ្នា​តាម​ខេត្ត​។ តែ​នៅ​ថ្ងៃទី​២៩ មីនា កន្លងមកនេះ ខន​សឺត​នៅ​ស្ទឹងត្រែង ព្រាប សុវត្ថិ មិនត្រូវ​ទៅ​ច្រៀង​ទេ ខេមរៈ សេរី​មន្ត ជា​អ្នក​ទៅ​ច្រៀង តែ​នៅពេល​ខន​សឺត​លេង ព្រាប សុវត្ថិ បាន​តេ​ទូរស័ព្ទ​ពី​ភ្នំពេញ ទៅប្តឹង​ប៉េអឹម​ឲ្យ​ដក​រូបថត​គេ​ដែលមាន​នៅលើ​ប៉ាណូ​ជាមួយ សេរី​មន្ត អីហ្នឹង​ចេញ តែ​មិន​ត្រឹមតែ​កាត់​រូប​ចេញ​ទេ គឺ​បិទ​ខន​សឺត​នោះ​តែម្តង​ដោយ​ប៉េអឹម​ឲ្យ​បុគ្គលិក​ខ្ញុំ​បិទ​ភ្លើង​បិទ​អី រើ​អីវ៉ាន់ ចេញ​តែម្តង​។ ខ្ញុំ​បាន​សុំ​មេ​ប៉េអឹម​ខេត្ត លោក អៀង វណ្ឌី ឲ្យ​បើក​វិញ តែ​គាត់​ថា អត់​ទេ ព្រោះ​ព្រាប សុវត្ថិ បាន​ប្តឹង​។ លុះ​ក្រោយមក​ខ្ញុំ​បាន​ទាក់ទង​មក​ចៅហ្វាយខេត្ត ទើប​ខន​សឺត​ហ្នឹង បាន​បើក​ដំណើរការ​ឲ្យ​លេង​វិញ​»​។​

 

​លោក​បាន​សម្តែង​ការយល់ឃើញថា​៖ «​ខ្ញុំ​យល់ឃើញថា តារា​សិល្បៈ​យើង​ដូចជា ឲ្យ​តម្លៃ​ខ្លួនឯង​ពេក​វាយឫក​ពេក វា​ឲ្យ​តម្លៃ​ខ្លួនឯង​ជាង​ព្រះមហាក្សត្រ​ទៅទៀត ហើយ​ប៉េអឹម​វិញ​កាន់​ច្បាប់​តែ​ដូចជា​មិនដឹង​ពី​ច្បាប់ មិន​គោរព​ច្បាប់​ទាល់តែសោះ​។ រឿងនេះ បានកើត​មានការ​ខឹង​បែប​ហ្នឹង​៣​ខេត្ត​មកហើយ ព្រោះ ព្រាប សុវត្ថិ អន់ចិត្ត​ថា ម៉េច​ក៏​ដាក់​រូបគាត់​តូច​ជាង ខេមរៈ សេរី​មន្ត​… ខ្លួន​គាត់​ល្បី​ជាង​»​។​

 

​ពាក់ព័ន្ធ​នឹង​ការប្តឹង​បិទ​ការប្រគំ​តន្ត្រី នេះ ក្រោយ​ព្យាយាម​ទាក់ទង​ជាច្រើនលើក ច្រើន​ពេល តារាចម្រៀង​លំដាប់​កំពូល​លោក ព្រាប សុវត្ថិ បាន​លើក​ទូរស័ព្ទ ហើយ​ក្រោយ​ស្តាប់​សំណួរ​រួច លោក​បាន​ប្រាប់ថា កំពុង​ជាប់​ប្រជុំ​។​

 

​រីឯ លោក អៀង វណ្ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ដែល​បានទទួល​បណ្តឹង​របស់​តារាចម្រៀង ព្រាប សុវត្ថិ បាន​បដិសេធ​មិន​បកស្រាយ តែ​លោក​បាន​បញ្ជាក់ថា រឿងនេះ​ទាល់តែ​សួរ​សាមីខ្លួន​ទាំងពីរ​ទើបបាន​ដឹង​ច្បាស់​។​

 

​ដោយឡែក លោក សុវណ្ណ អ្នកគ្រប់គ្រង​កម្មវិធី​ក្រុមហ៊ុន​ស្មា​ត​បាន​រៀបរាប់​ស្រដៀង​គ្នា​នឹង តំណាង​ក្រុមហ៊ុន SL ដែរ តែ​លោក​បញ្ជាក់ថា រាល់​ការងារ​ហៅ និង​ចរចា​ជាមួយ​តារា​ជា​តួនាទី​របស់ SL ហើយ​រាល់​បញ្ហា​នោះ​លោក​ក៏បាន​ជជែក និង​សុំទោស​លោក ព្រាប សុវត្ថិ រួចហើយ​។​

 

​ទោះបីជា​លោក​បាន​សុំទោស​ទៅលើ​ការ​ឌី​ហ្សា​ញ​រូប​នៅលើ​ផ្ទាំង​ប៉ាណូ​ក៏ដោយ តែ​លោក សុវណ្ណ បាន​បញ្ជាក់ថា លោក​ក៏​មិនអាច​ធ្វើ​ទៅតាម​ការស្នើសុំ​ទាំងស្រុង​របស់លោក ព្រាប សុវត្ថិ ដែល​តម្រូវ​ឲ្យ​រូបលោក និង​តំណាង​ក្រុមហ៊ុន SL សរសេរ​លិខិត​សុំទោស​ដោយមាន​ការចុះហត្ថលេខា និង​ផ្តិតមេដៃ​ជា​សាធារណៈ​ទេ​។ លោក ព្រាប សុវត្ថិ ថា នោះ​ជាការ​ប្រមាថ​កិត្តិយស និង​យកកេរ្តិ៍ឈ្មោះ​របស់លោក​ម​ក​ជាន់ឈ្លី​។​

 

​នៅពេល​សួរថា តើ​នោះ​ជា​កំហុស​អ្នកណា​? លោក សុវណ្ណ បាន​បញ្ជាក់ថា វា​បាន​កើតឡើង​ដោយសារតែ​ភាគី​ទាំងសងខាង​មិនមាន​ការទាក់ទង​គ្នា​ឲ្យ បានច្បាស់លាស់ ដូច្នេះហើយ​យើង​កំពុង​ពិចារណា​បន្ត​នៅ​កម្មវិធី​ក្រោយ ពិសេស​នៅ​ថ្ងៃទី​១៥ ខែមេសា (​ចូលឆ្នាំ​) ថា តើ​លោក ព្រាប សុវត្ថិ នឹងត្រូវ​បន្ត​ឡើង​ច្រៀង​នៅ​ក្រុងព្រះសីហនុ​ឬ​យ៉ាងណា​?

 

​តារាចម្រៀង​ល្បីឈ្មោះ ខេមរៈ សេរី​មន្ត មិនអាច​ទាក់ទង​សុំ​ការយល់ឃើញ និង​យោបល់​ចំពោះ​រឿងនេះ​បានទេ កាលពី​ម្សិលមិញ រីឯ​លោក ខេមរៈ ភា​រុណ ជា​បងប្រុស និង​ជា​អ្នកនាំពាក្យ​ក៏​មិនអាច​ទាក់ទង​ដើម្បី​សុំ​ការអត្ថាធិប្បាយ បានដែរ​៕

04-4-2014

 

Leave a Reply

(*) Required, Your email will not be published