រាជធានីភ្នំពេញ ៖ ប្រតិបត្តិការភ្លៀងរលឹមរបស់សមត្ថកិច្ចកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ បានបង្ក្រាបភូមិគ្រឹះមួយកន្លែងដែលគេស្គាល់ថា ជាកម្មសិទ្ធរបស់យោធាផ្កាយ២ ដែលជួលទៅឲ្យ ជនជាតិកូរ៉េនោះ ស្ថិតនៅចំណុចទីតាំងផ្ទះលេខ៦៩ ផ្លូវលេខ៣១៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពពីកម្លាំងនគរបាលមានសមត្ថកិច្ចរបស់នាយកដ្ឋានប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ី សុខឃី ប្រធាននាយកដ្ឋាន និងលោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញបានសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោកចុះបង្ក្រាបក្នុងភូមិគ្រឹះខាងលើដែលជួលឲ្យជនជាតិកូរ៉េស្នាក់នៅពាក់ព័ន្ធនឹងសកម្មភាពលេងល្បែងតាមប្រព័ន្ធអេឡិចត្រូនិក(អនឡាញ) ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបាន១៥នាក់សុទ្ធតែបុរសទាំងអស់រួមនឹងអ្នកបម្រើ២នាក់ ដែលជាជនជាតិខ្មែរផង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចប៉ូលិសធ្វើការស្រាវជ្រាវដឹងថា ទីតាំងខាងលើលួចលាក់បទល្មើសលេងល្បែង តាមប្រព័ន្ធអេឡិចត្រូនិករួចមកនោះ កម្លាំងសមត្ថកិច្ចបានចុះធ្វើការឆែកឆេរក្នុងទីតាំងខាងលើនេះតែម្តងដោយចុះឆែកឆេរនេះសមត្ថកិច្ចប៉ូលិសបានធ្វើការឃាត់ខ្លួនជនជាតិកូរ៉េបាន១៥នាក់សុទ្ធតែជាបុរស និងមានស្ត្រីអ្នកបម្រើខ្មែរ២នាក់ ព្រមទាំងធ្វើការដកហូតវត្ថុតាងជាគ្រឿងអេឡិចត្រូនិកពាក់ព័ន្ធនឹង ល្បែងស៊ីសងមួយចំនួនផងដែរ។
ជនជាប់ចោទទាំង១៥នាក់នេះរួមនឹងវត្ថុតាងជាគ្រឿងអេឡិចត្រូនិកខាងលើ ត្រូវបានសមត្ថកិច្ចប៉ូលិសបញ្ជូនទៅនាយកដ្ឋានប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃដើម្បីចាត់ការទៅតាមនីតិវិធីបន្តទៀត។
ប៉ុន្តែទោះបីបែបណាក្តីក្នុងករណីខាងលើនេះត្រូវបានមន្ត្រីនគរបាលពាក់សក្តិ៣នៅក្រសួងមហាផ្ទៃ គឺលោក អ៊ីន សៅលី បានគំរាម និងបោកម៉ាស៊ីនថតរូបរបស់អ្នកសារព័ត៌មានដែលជាបុគ្គលិករបស់ស្ថានីយ៍ទូរទស្សន៍បាយ័នថែមទៀតផង ។ ដោយក្រុមអ្នកយកព័ត៌មានពុំអនុញ្ញាតិឲ្យផ្តិតរូបភាព ហើយជនសង្ស័យត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានយ៉ាងអាថ៌កំបាំងបំផុត៕
លោក អុិន សៅលី គំរាមបោកម៉ាសុីនថតអ្នកសារព័ត៌មាន