រាជធានីភ្នំពេញ ៖ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីស្ទឹងសែនកញ្ញា សុខា ឌីហ្សាណូ ដែលមហាជនស្គាល់វត្តមានរបស់នាងនៅក្នុងវិស័យចម្រៀងតាមរយៈបទ “ដោះចេញនាង”បានបង្ហើបប្រាប់ពីជីវិតឯកជនឲ្យដឹងថា ប្រសិនបើមានស្នេហាក្នុងពេលណាមួយ នាងមិនរើស មាន ក្រ ស ខ្មៅនោះទេ លើសពីនេះរិតតែមិនប្រកាន់វ័យចាស់នោះដែរ សំខាន់ឲ្យតែបុរសនោះនៅកម្លោះ ប៉ុន្តែបើជាពោះម៉ាយវិញ ក៏ពោះម៉ាយលែងលះភរិយាដាច់ស្រឡះដែរ។ បើទោះជាមានវ័យច្រើនទៅហើយក្តី ប៉ុន្តែនាងអះអាងថា នៅមិនទាន់មានសង្សារ ឬគូកំណាន់ចិត្តនៅឡើយ តែនាងបញ្ជាក់ថា ក៏មិនខ្វះអ្នកស្រលាញ់នោះដែរ។ ការមិនទាន់សម្រេចចិត្តយកគូស្រករដោយសារនាងនៅគិតថា ចង់ជួយជ្រោមជ្រែងគ្រួសារសិន ប៉ុន្តែក៏មិនអូសបន្លាយយូរឆ្នាំទៅទៀតដែរ។
កញ្ញា សុខា ឌីហ្សាណូ បានបង្ហើបប្រាប់ថា ប្រសិនបើនាងត្រូវមានស្នេហា ឬគូស្រករក្នុងពេលណាមួយនាងមិនរើស មាន ក្រ ស ខ្មៅ នោះទេ។ លើសពីនេះនាងអះអាងថា រិតតែមិនប្រកាន់វ័យចាស់ ឬពោះម៉ាយនោះដែរ សំខាន់បើបុរសនោះនៅកម្លោះឲ្យកម្លោះពិត ប៉ុន្តែបើជាពោះម៉ាយវិញ ក៏ពោះម៉ាយលែងលះភរិយាដាច់ស្រឡះដែរ។ បើនិយាយពីនិស្ស័យចម្រៀងកញ្ញា សុខា ឌីហ្សាណូ បានរម្លឹកឲ្យដឹងថា នាងចូលចិត្តច្រៀងតាំងតែពីវ័យ៩ឆ្នាំម្ល៉េះ។ មិនថាពេលទំនេរ ឬពេលកំពុងបំពេញការងារផ្ទះដូចជា លាងចាន ឬដាំបាយនោះទេ នាងតែងតែច្រៀងលេងជាប្រចាំរហូតដល់ចូលរៀននៅសាលាបឋមសិក្សាបានក្លាយជាអ្នកចម្រៀងប្រចាំសាលាទៀតផង។
កញ្ញា ឌីហ្សាណូ ដែលបានហែលកាត់ជីវិតជាកូនកំព្រាឪពុកក្នុងវ័យជាង១០ឆ្នាំ នាងត្រូវជួបការលំបាកផ្សេងៗ ក្នុងគ្រួសារដែលមានជីវភាពខ្សត់ខ្សោយ ប៉ុន្តែភារៈកិច្ចដែលទ្រទ្រង់គ្រួសារនាពេលនោះត្រូវទទួលបន្ទុកដោយម្តាយនាង និងបង។ យ៉ាងណាក្តីជីវភាពគ្រួសារក្នុងពេលនោះក៏មិនបានស្ទួយឲ្យនាងរៀនសូត្របានច្រើននោះដែរ ទើបនាងបង្ខំចិត្តឈប់រៀនទាំងសោកស្តាយនៅត្រឹមថ្នាក់ទី៩ នៃវិទ្យាល័យចម្ការសំរោង ខេត្តបាត់ដំបង។
កញ្ញា ឌីហ្សាណូ មានស្រុកកំណើតនៅភូមិ វត្តរំដួល ឃុំចំការសំរោង ស្រុកបាត់ដំបង ក្រុងបាត់ដំបង។ មានឪពុកឈ្មោះ ហែម សុខា (ស្លាប់) ម្តាយឈ្មោះ ហ៊ុល ចាន់ថុល អាយុ៦៥ឆ្នាំ ជាមេផ្ទះ។ នាងមានបងប្អូន៥នាក់ ស្រី៣នាក់ នាងជាកូនទី៤ ហើយក៏គ្មានបងប្អូនមួយណាមាននិស្ស័យសិល្បៈដូចនាងដែរ។ ទៅថ្ងៃអនាគតនាងចង់ក្លាយជាតារាចម្រៀងល្បីមួយរូប និងចង់មានមុខរបរបើកហាងកាត់ដេរសមល្មមមួយសម្រាប់ចិញ្ចឹមជីវិត៕