ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន២នាក់ក្នុងចំណោមបក្សចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ ចុះបង្ក្រាបចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពកំហែងយកនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១ខែមេសា នៅភូមិមុខវត្តភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ។
តាមរបាយការណ៍របស់នគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះឈ្មោះផន កាន ភេទស្រីអាយុ៥៤ឆ្នាំ នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ កម្លាំងនគរបាលជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបេងឈានដល់ការចាប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ឈ្មោះ សុខ សំណាង ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិរលួស ឃុំក្រាំងអំពិល ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះ ខៀវ និត ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិម្កាក់ ឃុំចំប៉ឺ ស្រុកបាទី ខេត្តតាកែវ ចំណែកបក្សពួកគេម្នាក់ទៀតជាស្ត្រីឈ្មោះ ធា អាយុ៥៥ឆ្នាំ បានរត់គេចខ្លួនបាត់។
ពាក់ព័ន្ធនឹងការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះសមត្ថកិច្ចដកហូតបានម៉ូតូចំនួន២គ្រឿង,ទូរស័ព្ឌដៃ២គ្រឿង និងថង់សម្រាប់ដាក់គ្រឿងអលង្ការក្លែងក្លាយនោះចំនួន២ផងដែរ។ តាមការរៀបរាប់របស់ស្ត្រីរងគ្រោះឈ្មោះ ផន កាន និយាយប្រាប់សមត្ថកិច្ចថា នៅព្រឹកថ្ងៃកើតហេតុ គាត់បានដើរទិញឥវ៉ាន់ នៅផ្សារថៃ ទល់មុខប៉ុស្តិ៍តំបន់ម៉ាឡៃ ពេលកំពុងទិញ ជនសង្ស័យចំនួន២នាក់ និងបក្ខពួកបានធ្វើសកម្មភាពគំរាមកំហែងបង្ខំឲ្យគាត់ឡើងជិៈម៉ូតូដែលជាបក្ខពួករបស់គេនៅទល់មុខប៉ុស្តិ៍តំបន់ម៉ាឡៃ រួចបានដឹកគាត់ទៅដល់មុខវត្តភ្នំរូងបានឲ្យគាត់ចុះនិងគំរាមឲ្យអង្គុយ និងឲ្យសំឡឹងមើលថង់មាស ដែលពួកគេរៀបចំជាស្រេចពេលដែលគាត់សំឡឹងមើលស្រាប់តែវិលមុខពួកគេបានដោះយកខ្សែ.ក បា្លទីន មានទម្ងន់៤,៥ជី មានបណ្តោង សរុបតម្លៃ ១.៣០០បាត ព្រមទាំងគំរាមយកលុយថែមទៀតតែគាត់ប្រាប់ថាគ្មានទេ។
បន្ទាប់ពីធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេមានគ្នាចំនួន៣នាក់ ម្នាក់ទៀតឈ្មោះ ធា ភេទស្រីអាយុ៥៥ឆ្នាំ ដែលបបួលពួកគេឲ្យដើរឆបោក តែគេរត់គេចខ្លួនបាត់ព្រមទាំងយកខ្សែ.ក នោះទៅផងដែរ។ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕