រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតចេញពីរថយន្តសង្គ្រោះរបស់មន្ទីពេទ្យព្រះសីហនុដែលមានសិទ្ធិអាទិភាព បានបង្កគ្រោះបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកបើកម៉ូតូធំដាច់ជើងម្ខាង ឈាមហូរជោកដី ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ នៅក្បែរសាលាខណ្ឌដូនពេញ តាមបណ្ដោយផ្លូវលេខ៩០ កែងផ្លូវលេខ៦១ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យព្រះសីហនុបានដឹកកូនក្មេងមកព្យាបាល នៅមន្ទីរពេទ្យគន្ធបុបា្ជ ក្នុងល្បឿនយ៉ាងលឿនតាមបណ្ដោយផ្លូវលេខ៩០ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវប្រសព្វក្បែរសាលាខណ្ឌ ដូនពេញ ក៏បានបុកជាមួយនឹងអ្នកជិះម៉ូតូធំ បុកគ្នាលាន់ដូចរន្ទះ បណ្ដាលឱ្យអ្នកបើកម៉ូតូធំបានដួលហើយ ត្រូវរថយន្ដកិនបណ្ដាលឱ្យដាច់ជើងម្ខាងឈាមហូរស្រោចដី ត្រូវបានដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការវះកាត់ រួចហើយបន្ដដឹកទៅកាន់ប្រទេសវៀតណាមដើម្បីធ្វើការសង្គ្រោះបន្ត។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បាននិយាយថា រថយន្តសង្គ្រោះរបស់មន្ទីពេទ្យព្រះសីហនុ មិនបានគោរពច្បាប់ចរាចរណ៍នោះទេ ពោលគឺបើកលឿនអាងតែខ្លួនមានស៊ីរ៉ែដែលជាឥទ្ធិភាព ។ ដោយសារការមិនគោរពច្បាប់ហើយទើបបង្ករគ្រោះថ្នាក់ដល់អ្នកដទៃបែបនេះ ។ យ៉ាងណាក៏ដោយគេមិនទាន់ស្គាល់អត្ដសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ រីឯម៉ូតូ និងរថយន្ដត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំការដោះស្រាយបន្ដទៀត៕