រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ មានករណីឧបទ្ទវហេតុមួយខណៈដែលរថយន្តហ៊ីយ៉ាន់ដាយ ធុនធំចំណុះ៥តោនដឹកសម្ភារៈគ្រឿងទេសពេញបានបើកឡើងស្ពានជ្រោយចង្វារមិនរួច ត្រង់ចំណុចគល់ស្ពានជ្រោយចង្វារត្រើយម្ខាង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើពាក់ស្លាកលេខស៊េរីចាស់ ម០១៨៤ភព៣ បានដឹកសម្ភារៈគ្រឿងទេសពេញ ក្នុងបំណងដឹកឆ្ពោះទៅកាន់ខេត្តកំពង់ចាម ខណៈចេញពីដំណើរឡើងពីគល់ស្ពានជ្រោយចង្វារត្រើយម្ខាងបានប្រហែល៣០ម៉ែត្រ រថយន្តបានដាច់កាឡេថយក្រោយ ហើយគាត់ព្យាយាមជាន់ហ្វ្រាំងដែរ ប៉ុន្តែមិនជាប់ក៏បណ្ដាលអោយរថយន្តក្រឡាប់ចាក់សម្ភារៈពេញគល់ស្ពាន សំណាងដែលពុំមានមនុស្សរងរបួស។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ធ្វើកំណត់ហេតុនិងនាំយករថយន្តទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលជ្រោយចង្វារដើម្បីដោះស្រាយតាមផ្លូវច្បាប់៕