រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៧នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីរថយន្តកុងតឺន័របើកបុករថយន្តកូរ៉េដឹកក្រុមចម្រៀងស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១ខែមេសា ឆ្នាំ២០១៤ នៅចំណុចមុខស្ថានីយ៍ប្រេងឥនន្ធៈតេលា តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្ថិតស្លាប់ក្នុងហេតុការណ៍នោះមានឈ្មោះ ស្រីណាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅខេត្តកណ្តាល ។ ចំណែកអ្នកទាំង៧នាក់ដែលរងរបួសធ្ងន់និងស្រាលរួមមាន១-ឈ្មោះ គុណ គន្ធា ភេទស្រី អាយុ២៥ឆ្នាំ ២-ឈ្មោះ ផន ឡា ភេទប្រុស អាយុ១៩ឆ្នាំ ៣-ឈ្មោះ សុខ ភឿន ភេទប្រុស ៤-ឈ្មោះ ផល សុភី ភេទប្រុស ៥-ឈ្មោះ សល ពិសិទ្ធ ភេទប្រុស ៦-ឈ្មោះ យ៉ុង យ៉ាត់ ភេទប្រុស និងម្នាក់ទៀតមិនទាន់ស្គាលអត្តសញ្ញាណនោះទេ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2R-0446 ធ្វើដំណើរចេញពីអ្នកលឿនឆ្ពោះទៅរាជធានីភ្នំពេញតាមបណ្ដោយផ្លួវជាតិលេខ១ លុះមកដល់ចំណុចមុខស្ថានីយ៍ប្រេងឥនន្ធៈតេលា ក៏ត្រូវរថយន្តកុងតឺន័រ ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ3A-6451 បើកបរក្នុងទិសដៅបញ្ច្រាសគ្នាបានបុកយ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដែលឋិតនៅក្នុងរថយន្តរងគ្រោះ ស្លាប់ម្នាក់ និង៧នាក់ទៀតរងរបួសធ្ងន់ ស្រាលហើយរថយន្តកុងតឺន័រក៏បន្តជ្រុលបុករបងផ្ទះប្រជាពលរដ្ឋឲ្យបាក់រាបដល់ដី។ ភ្លាមៗនោះជនបង្កបានបើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែង ហើយយករថយន្តបង្ក និងរថយន្តរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំភាគីទាំងសង្ខាងចូលខ្លួនមកដោះស្រាយ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចស្វែងរកសាច់មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី និងជនរងគ្រោះដែលរបួសធ្ងន់ ស្រាលត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕