ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្តដឹកឥដ្ឋ ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៥ មុខវត្តម៉ុងចិន ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស្រីម៉ី ភេទស្រី អាយុ៣៣ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ និងម្នាក់ទៀតឈ្មោះ បូសា សម្រស់ ភេទស្រី អាយុ១៨ឆ្នាំ រងរបួសធ្ងន់ អ្នកទាំង២ជាបុគ្គលិកបម្រើការនៅហាងនំភីស្សា នៅផ្សាររ៉ាត្រី ប៉ោយប៉ែត។
ប្រភពដដែលបានបន្ថែមទៀតថា មុនពេលកើតហេតុជនរងគ្រោះបានបានជិះម៉ូតូស្កូបពីគ្មានស្លាកលេខមួយគ្រឿង បើកបរយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត ដែលក្នុងស្ថានភាពស្រវឹងផងនោះ បានជ្រុលទៅបុកគូទរថយន្តបែនដឹកឥដ្ឋមួយគ្រឿងរបស់ហាងសំណង់យីហោ លី គឹមឆុង ដែលស្ថិតក្នុងទិសដៅស្របគ្នា យ៉ាងពេញទំហឹងបណ្តាលឲ្យ ឲ្យខ្ទាតចូលក្រោមរថយន្តនោះកិនស្លាប់ម្នាក់ របួសធ្ងន់ម្នាក់់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅវាស់វែង និងយករថយន្ត ម៉ូតូទៅរក្សានៅអធិការដ្ឋានរង់ចាំដំណោះស្រាយជាក្រោយ។ ចំណែកជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រីឯសាកសពជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុ ត្រូវបានប្រគល់ក្រុមគ្រួសារ៕