ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន របួសធ្ងន់ ស្រាល​២​នាក់​

, , Leave a comment

​ខេត្តកណ្តាល ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់ ស្រាល​រវាង​ម៉ូតូ​ហុងដា​វ៉េវ បុក​ជាមួយ​ម៉ូតូ​ហុងដា​អាយ​ខន កាលពី​វេលា​ម៉ោង​១៩​និង​៤០​នាទី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​២១B កែង​ផ្លូវ​លេខ​១០៨ ស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

 

​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​នោះ​ឈ្មោះ សុង លី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​បុរី​ជលសារ ខេត្តតាកែវ ជា​អ្នកបើកបរ​ម៉ូតូ​ហុងដា​វ៉េវ ធុន​សេ​១១០ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ។ ចំណែកឯ​ជនរងគ្រោះ​រងរបួស​ស្រាល​នោះ​ឈ្មោះ អៀង សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​លេខ​៧ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ជា​អ្នកបើកបរ​ម៉ូតូ​ហុងដា​អាយ​ខន ពណ៌​សលាយ​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AD-6600 ។   

 

​នៅ​មុនពេល​កើតហេតុ​សាក្សី​បានឃើញ​បុរស​ម្នាក់​បើក​បាន​បើកបរ​ម៉ូតូ​មួយ គ្រឿង​ម៉ាក​ហុងដា​វ៉េវ យ៉ាង​លឿន​តាម​បណ្តាល​ផ្លូវជាតិ​លេខ​២១B ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ពុំមាន​ពាក់មួក​ការពារ​សុវត្ថិភាព​នោះទេ ។ ពេល​បើក​ដល់​ចំណុចកើតហេតុ​អ្នកបើកបរ​ម៉ូតូ​វ៉េវ​បាន​បើក​ម៉ូតូ​បត់​ឆ្វេង ក្នុង​គោលបំណង​ទៅតាម​ផ្លូវ​លេខ​១០៨ ខណៈនោះ​ក៍បាន​ជ្រុ​ក​ទៅបុក​ម៉ូតូ​ហុងដា​អាយ​ខន ដែល​បើកបរ​មកពី​ទិស​ខាងជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​ទៅលើ​ផ្លូវជាតិ​រងរបួស​ទាំងសងខាង​តែម្តង ។​

 

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ ដឹក​យកទៅ​សង្គ្រោះ​អាយុជីវិត​នៅ​មន្ទីរពេទ្យ​កែវ​សាន ក្រុង​តាខ្មៅ ។ ចំណែកឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​ច្បាប់​ជា​ក្រោយ​៕

01-4-2014

 

Leave a Reply

(*) Required, Your email will not be published