ហេតុការណ៍បាញ់សម្លាប់មនុស្សនៅមុខក្រសួងព័ត៌មាន កាលពីព្រឹកព្រលឹមស្រាងៗ ថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០១៤កន្លងទៅនេះ គឺជារឿងពាលស៊ីពាលដែលជនសង្ស័យទាំងអស់ទាំងជនរងគ្រោះ និងជនបង្ក គឺជាមុខសញ្ញាចែកចាយថ្នាំញៀន និងប្លន់ប្រដាប់អាវុធក្នុងរាជធានីភ្នំពេញ មិនមែនជាករណីប្លន់ម៉ូតូ ឬទ្រព្យសម្បត្ដិនោះឡើយ ។
រាជធានីភ្នំពេញ ៖ គ្រាប់កាំភ្លើងចំនួន៥ បានផ្តាច់ជីវិតមនុស្សម្នាក់ និង២នាក់ទៀតបានរងរបួសធ្ងន់ ស្រាល ខណៈដែលកំពុងជិះម៉ូតូធុនធំ១គ្រឿង លើកំណាត់ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានបើកការស្រាវជ្រាវតាមជំនាញរបស់ខ្លួន ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ២នាក់បន្ថែមទៀត ជាដៃគូជនសង្ស័យដែលស្លាប់ ព្រមទាំងដកហូតថ្នាំញៀន ៥កញ្ចប់ធំ១កញ្ចប់តូច និងកាំភ្លើងខ្លី ២ដើម ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលជាបក្ខពួក ត្រូវបានចាប់ខ្លួនក្នុងមន្ទីរសម្រាកព្យាបាល មនោរម្យ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ បន្ទាប់មកទៀតសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងចូលទៅចាប់ខ្លួនជនសង្ស័យ ទាំង២នាក់នៅក្នុងមន្ទីរសម្រាកព្យាបាលមនោរម្យ ព្រមទាំងរឹបអូសគ្រឿងញៀន ប្រមាណកន្លះគីឡូក្រាម និងកាំភ្លើងខ្លី ២ដើម ក្នុងនោះ កា ៥៤ មួយ ដើម និងកា៥៩ មួយដើម មានគ្រាប់ពេញ។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ ត្រូវបាននាំទៅកាន់ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជ ធានីភ្នំពេញដើម្បី សួរនាំបន្ដទៀត និងតាមស្វែងរកចាប់ខ្លួន ខ្មាន់កាំភ្លើងដែលជាអ្នកបាញ់ប្រហារ ពួកគេ ទាំង ៣នាក់ កាលពីវេលាម៉ោង ៥ និង១០ នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ នៅ ទល់មុខសណ្ឋាគារ យូអ៊ី ក្បែរក្រសួងព័ត៌ មាន សង្កាត់ស្រះចក ខណ្ឌដូនពេញដែលអំពើបាញ់ប្រហារនេះ បានបណ្ដាលឱ្យ បក្ខពួក របស់ខ្លួនម្នាក់ឈ្មោះ វ៉ាន់ សុធារ៉ា អាយុ២៦ ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី ភ្នំពេញ-ព្រះ សីហនុ ស្នាក់ នៅបុរីប៉េងហួត សង្កាត់ទួល ពង្រ ខណ្ឌពោធិ៍សែនជ័យ ស្លាប់ រីឯខ្លួនគេ ទាំង ២នាក់ រងរបួសធ្ងន់-ស្រាល ។
ក្រោយ ការបាញ់ប្រហារបណ្ដាលឱ្យបក្ខពួករបស់ខ្លួន ស្លាប់រួចមក ជនសង្ស័យទាំង ២នាក់ដែល ដឹងខ្លួន ថា ជាប់ពាក់ព័ន្ធនឹងបទល្មើសមិនបាន នៅកន្លែងកើតហេតុ ដើម្បីឱ្យសមត្ថកិច្ចសួរ នាំនោះទេ ពោលពួក គេបានរត់ទៅព្យាបាល ដោយខ្លួនឯង នៅមន្ទីរសម្រាកព្យាបាល មនោរម្យ ។ យ៉ាងណាក៏ដោយសមត្ថកិច្ច មិនទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដ ដែលនាំពួកគេទាំង២ក្រុម បាញ់ប្រហារគ្នា រហូតដល់ស្លាប់ និងរបួសនោះឡើយ ដោយ សារតែបច្ចុប្បន្នស្ថិតក្រោមការសាកសួរបន្ដ ៕