ខេត្តកំពង់ចាម ៖ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឧបដ្ឋានសាលា និង សមិទ្ធិផលនានា ក្នុងវត្តព្រះពន្លៃហៅវត្តពន្លៃឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជាកិច្ចចាប់ផ្តើមលោក កេង ប៊ុណ្ណា អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ បានឡើងមានមតិស្វាគមន៍ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដោយបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តម ជា សុផារ៉ា ដែល បានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងពិធីនាពេលនេះ ហើយនេះសបញ្ជាក់យ៉ាងច្បាស់ ពីទឹកចិត្តប្រកបដោយមនោសញ្ចេតនា និងភាពស្និតស្នាលរបស់ឯកឧត្តម ចំពោះប្រជាពលរដ្ឋ ក្នុងស្រុកត្បូងឃ្មុំទាំងមូល ។ លោក កេង ប៊ុណ្ណា ក៏បានថ្លែងអំណរគុណ ចំពោះសប្បុរសជនទាំងអស់ ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជន ដែលបានជួយគាំទ្រទាំងថវិកា និងស្មារតីក្នុងការងារកសាង ព្រះវិហារ និងសមិទ្ធិផលនានាក្នុងវត្តនេះ ។ លោកបានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន បានធ្វើឱ្យប្រទេសទទួលបាននូវ សន្តិភាព និងស្ថេរភាពពេញលេញ ប្រជាពលរដ្ឋទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យមានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម ។ល។ លោកបន្ថែមថា ក្នុងនាមអាជ្ញាធរស្រុក និងក្នុងនាមប្រជាពលរដ្ឋ លោកប្តេជ្ញានឹងបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន ដើម្បីថែរក្សានូវអ្វីៗ ដែលគណបក្សប្រជាជនបានផ្តល់ឱ្យដូចសព្វថ្ងៃនេះ ។
នៅក្នុងមតិសំណេះសំណាលឯកឧត្តម ជា សុផារ៉ា បានពាំនាំនូវការសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាទាំងបី ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋនៅឃុំអញ្ចើម ក៏ដូចជានៅក្នុងទូទាំងស្រុកត្បូងឃ្មុំ ។ ឯកឧត្តមបន្តថា ព្រះវិហារ និងសមិទ្ធិផល ដែលបានកសាងនៅក្នុងវត្តព្រះពន្លៃហៅវត្តពន្លៃ នេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់សប្បុរសជន និងពុទ្ធបរិស័ទ្ធជាច្រើនជំនាន់។ ដូច្នេះឯកឧត្តម សូមឧទ្ទិសកុសលផលបុណ្យទាំងប៉ុន្មាននេះជូនដល់សប្បុរជនដែលបានចែក ឋានទៅនិងអ្នកដែលនៅរស់ សូមឱ្យបានជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំឮកពីប្រវត្តិសាស្ត្រមួយចំនួនទាក់ទងនឹងការកសាងវត្តអារាមក៏ ដូចជាព្រះវិហារក្នុងឃុំអញ្ចើម នឹងនៅទូទាំងប្រទេសថា មានការលំបាកណាស់ ដោយសារប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទ្ធ ត្រូវខ្វល់ខ្វាយពីជីវភាព និងម្យ៉ាងទៀតត្រូវរត់គេចចេញពីសង្គ្រាម ពោលគឺមិនមានឱកាសធ្វើបុណ្យបំពេញកុសល ធ្វើវត្ត និងព្រះវិហារបានត្រឹមត្រូវដូចបច្ចុប្បន្ននេះទេ រហូតមានព្រះវិហារខ្លះត្រូវចំណាយពេលជិត ១០០ ឆ្នាំទើបហើយក៏មាន និងវត្តខ្លះបង្កើតមកហើយក៏រលាយទៅវិញក៏មាន។ ឯកឧត្តម បន្ថែមថា រយៈពេល ៣៥ ឆ្នាំក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ដែលជាការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅ និងជាពិសេសមានឱកាសធ្វើបុណ្យបំពេញកុសលទៅតាមព្រះពុទ្ធសាសនា និងសាសនាដ៏ទៃទៀតបានត្រឹមត្រូវ ។ ឯកឧត្តម សង្កត់ធ្ងន់ថា ដរាបរាជរដ្ឋាភិបាលកម្ពុជា នៅតែស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងអាចធានាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ហើយប្រជាពលរដ្ឋនឹងនៅរស់នៅក្នុងសុខដុមរមនា ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានជម្រាបដល់អង្គពិធី ពីតថភាពនយោបាយក្នុងពេល និងក្រោយពេលបោះឆ្នោតនិងសំណូមពរដល់ប្រជាពលរដ្ឋកុំឱ្យជឿលើពាក្យភូតភរកុហករបស់គណបក្សប្រឆាំង ដូចជាការសន្យាខ្យល់ ការចោទគណបក្សប្រជាជនពីការបន្លំលួចសន្លឹកឆ្នោត ការបាត់ឈ្មោះអ្នកបោះឆ្នោត ការមិនចូលរដ្ឋសភាពីព្រោះទង្វើទាំងអស់នោះគឺគណបក្សប្រឆាំងជាអ្នកឆ្នៃប្រឌិតឡើង ដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាល និងក្នុងគោលបំណងតែមួយគត់គឺចង់បានអំណាច ដើម្បីបំពេញមហិច្ឆិតាខ្លួនឯងតែប៉ុណ្ណោះ ។
ជាទីបញ្ចប់ ឯកឧត្តម ក៏បានបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សឫទ្ធិ និងមេដាយស្ថាបនាជាតិថ្នាក់មាស ប្រាក់ និងសំរិទ្ធ ជូនដល់ព្រះចៅអធិការ និងសប្បុរសជនដែលមានស្នាដៃចូលរួមដល់ការកសាងសមិទ្ធិផលនានា។ ជាមួយនេះដែរ ឯកឧត្តម ក៏បានពាំនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួន ជូនដល់ព្រះសង្ឃយាយជីតាជី អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ ។ បន្ទាប់មកឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញកាត់ខ្សែបូសម្ភោធឧបដ្ឋានសាលា និងសមិទ្ធផលនានា វត្តព្រះពន្លៃហៅវត្តពន្លៃឃុំអញ្ចើម ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ៕