ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយទទួលពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ពីបទរំលោភសេពសន្ថវៈលើកុមារីអាយុ១២ឆ្នាំ បានសម្រេចរហូតដល់ទៅ៣លើក ។ ករណីនេះកើងឡើងកាលពីវេលាម៉ោង១១ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ នៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ព្រុំ ចិន្តា អាយុ២៧ឆ្នាំ មានទីលំនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែកកុមារីរងគ្រោះអាយុ១២ឆ្នាំ រស់នៅក្បែរផ្ទះជនសង្ស័យ ។
តាមការរៀបរាប់ពីក្មេងស្រីរងគ្រោះបានឲ្យដឹងថា ជនសង្ស័យខាងលើបានធ្វើការចាប់រំលោភលើកទី១នៅវេលាម៉ោង១១ព្រឹកថ្ងៃ ទី២០ ខែមីនា នៅក្នុងព្រៃក្រោយផ្ទះរបស់នាង ហើយបានឲ្យលុយនាង៥០០រៀល លើកទី២ថ្ងៃទី២៣ ខែមីនា បានចាប់នាងរំលោភនៅក្រោយផ្ទះកន្លែងដដែល ហើយនិងលើកទី៣ ចាប់រំលោភនៅក្នុងផ្ទះរបស់នាង ហើយត្រូវម្តាយនាងមកទាន់ពេលនោះជនសង្ស័យបានចុះរត់គេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ព្រុំ ចិន្តា បានសារភាពថា ខ្លួនពិតជាបានដេកជាមួយកុមារីរងគ្រោះពិតប្រាកដមែន ប៉ុន្តែមិនមានការចាប់បង្ខំឡើយ។ បន្ទាប់មកក្រុមគ្រួសារជនសង្ស័យបានចរចាសម្របសម្រួលបង់លុយឲ្យគ្រួសារកុមារីរងគ្រោះចំនួន២៥០ម៉ឺនរៀល ដើម្បីកុំឲ្យប្តឹងផ្តល់ ។
តែទោះជាយ៉ាងណា រឿងរ៉ាវប្រុសប្រកែក ស្រីប្រកាន់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីចាត់ការបន្តតាមនីតិវិធី ៕