ខេត្តកំពង់ចាម ៖ ភ្លើងប្រចណ្ឌបានឆេះឡើងរហូតដល់ទប់ចិត្តមិនបាន ទប់ប្រាណមិននឹង ធ្វើឱ្យស្ត្រីម្នាក់បានក្លាយជាឃាតកសម្លាប់បងស្រីបង្កើតរបស់ខ្លួន ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ក្នុងភូមិអូរបេង ឃុំមេ.សជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ស្ត្រីជនដៃដល់មានឈ្មោះ ម៉ាន គាំ អាយុ៤៦ឆ្នាំ បានប្រើហិង្សាវាយបងស្រីបង្កើតរបស់ខ្លួនឈ្មោះ ម៉ាន គឹមផូ ហៅយាយគ ជាជនពិការគថ្លង់ អាយុ៥២ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ និងវាយបន្ថែមទៀតរហូតដល់ស្លាប់តែម្តង ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកស្ទឹងត្រង់ ឱ្យដឹងថា នៅពេលកម្លាំងមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលឃុំមេ.សជ្រៃ បានរាយការណ៍មករូបលោកថា ស្ត្រីគថ្លង់ម្នាក់ឈ្មោះ ម៉ាន គឹមផូ ខ្យល់គរបណ្តាលឱ្យដួលបោកក្បាលត្រូវនឹងគ្រែស្លាប់ ក៏មានការសង្ស័យ ហើយអ្វីដែលកាន់តែគួរឱ្យសង្ស័យថែមទៀតនោះ ពេលសមត្ថកិច្ចមិនទាន់នឹងចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យផង បែរជាស្ត្រីជាប្អូនបង្កើតឈ្មោះ ម៉ាន គាំ បានរៀបចំចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី និងយកទៅបូជានៅថ្ងៃទី២៤ ខែមីនា ។
លុះមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ មីនា ឆ្នាំ២០១៤ ម្លាំងជំនាញព្រហ្មទណ្ឌស្រុក ចុះទៅសហការជាមួយនឹងប៉ុស្តិ៍រដ្ឋបាលមេ.សជ្រៃ ឃាត់ខ្លួនស្ត្រីជាប្អូនបង្កើត ដែលជាជនសង្ស័យក្នុងករណីនេះ រហូតបានការឆ្លើយសារភាពថា បងស្រីរបស់ខ្លួនមិនមែនខ្យល់គរទេ គឺខ្លួនបានវាយ និងរឹតកសម្លាប់កាលពីថ្ងៃទី២៤ មីនា ។ ស្ត្រីជាឃាតករដែលសម្លាប់បងស្រីខ្លួនឯង បានឆ្លើយថា កន្លងមកបងស្រីរបស់ខ្លួនធ្លាប់លួចស្រឡាញ់ប្តីគាត់ និងស្នាក់នៅក្រោមដំបូលផ្ទះតែមួយ ។ ទាក់ទិននឹងការវាយសម្លាប់បងស្រីនេះ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ មីនា ខ្លួនបានយកគោទៅឃ្វាលនៅខាងក្រោយភូមិ ចំណែកប្តីឈ្មោះ មុត ណាត អាយុ៤៣ឆ្នាំ បានចេញទៅស៊ីឈ្នួលលើកអុសឱ្យគេនៅក្នុងភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ។ លុះរហូតដល់ម៉ោង១១ និង៣០នាទីព្រឹក ក៏ត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញបងស្រីកាន់អង្កត់អុស ដេញវាយកូនស្រីឈ្មោះ ណាត សុខគន់ អាយុ៥ឆ្នាំ ក្នុងពេលនោះក៏មានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃករៀងៗខ្លួន ហើយក៏បានរាលដាលដល់ការលួចមានសហាយស្មន់ជាមួយប្តីរបស់ខ្លួន ។
ភ្លាមនោះបងស្រីបានស្ទុះទៅយកកាំបិត កាន់នៅក្នុងដៃ ពេលឃើញបែបនេះ ខ្លួនក៏បានរុញបងស្រីពីក្រោយបណ្តាលឱ្យបុកក្បាលទៅនឹងជ្រុងគ្រែ បែកហូរឈាមសន្លប់ ទើបយកខ្សែអង្រឹងមកចងដៃចងជើង និងរឹតកសម្លាប់តែម្តង ៕