រាជធានីភ្នំពេញ ៖ យុវសិស្ស២នាក់ត្រូវបានទទួលរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកែសក្រដាស់ បុកជាមួយនឹងម៉ូតូជនរងគ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង១៥នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ នៅមុខច្រកចូលសាលាវិទ្យាល័យពងទឹក តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលគេឃើញរថយន្តបង្កម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2S-7951 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន ស៊ឹងហ្គាពួរ ផលិតកែសក្រដាស បើកបរដោយឈ្មោះ សំ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិវត្តក្តី ឃុំវាលពង់ ស្រុកឧតុង្គ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៣ ។ លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកពីក្រោយម៉ូតូជនរងគ្រោះម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-8966 ដែលឌុបគ្នាយ៉ាងពេញបណ្តាលឲ្យសិស្សស្រីទាំងពីរនាក់នោះដួលបោកទៅលើថ្នល់ រងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរបួសស្រាល ដោយឡែករថយន្តបង្កហេតុបានបួងចង្កូតទៅខាងឆ្វេងដៃជ្រុលធ្លាក់ផ្លូវ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍ដោយយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយជាក្រោយ ។ ចំណែកជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសាមុយដឹកយកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕