ក្រុងប៉េកាំង ៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅយប់ថ្ងៃច័ន្ទថា ការវិភាគរបស់ផ្កាយរណបបានបង្ហាញថា យន្តហោះក្រុមហ៊ុន អាកាសចរម៉ាឡេស៊ី MH370 បានហោះតាមបណ្ដោយច្រករបៀងភាគខាងត្បូង។ ដោយមានការសន្និដ្ឋាន យ៉ាងច្បាស់លាស់ ពីព័ត៌មានចុងក្រោយ នៃប្រតិបត្តិការរុករក នៅទីបំផុតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak និយាយនៅថ្ងៃចន្ទនេះថា យន្តហោះ MH370 ដែលបាត់រយៈពេល ១៦ថ្ងៃមកហើយនោះ បានធ្លាក់នៅក្នុងសមុទ្រឥណ្ឌា ហើយអ្នកធ្វើដំណើរទាំងអស់ ប្រហែលជាស្លាប់នៅទីនោះ។
នេះជាដំណឹងដ៏រន្ឋត់ដែលគ្រួសារចិនរង់ចាំ ព័ត៌មានអស់រយៈពេលជិត៣សប្តាហ៍ក្រុមគ្រួសាររបស់អ្នកដំណើរលើយន្តហោះ ម៉ាឡេស៊ី Malaysia Airlines ជើងហោះហើរលេខ MH370 បានសង្ឃឹមក្នុងចិត្តថាពួកអ្នកដំណើរទាំងនោះនៅរស់រានមានជីវិត។ ក៏ប៉ុន្តែសេចក្តីសង្ឃឹមទាំងឡាយបានរលាយសាបសូន្យនៅល្ងាចថ្ងៃច័ន្ទនៅពេលដែលប្រទេសម៉ាឡេស៊ីបាន បញ្ជាក់ថាយន្តហោះនោះបានធ្លាក់ក្នុងតំបន់ដាច់ស្រយ៉ាលមួយនៅភាគ ខាងត្បូងនៃមហាសមុទ្រឥណ្ឌា។បន្ទាប់ពីការទន្ទឹងរង់ចាំយ៉ាងអន្ទៈសារអស់ពេល១៧ថ្ងៃរួចមក ទុក្ខសោករបស់ពួកគេមានសភាពធ្ងន់ធ្ងរមិនអាចស៊ូទ្រាំបាន។
បុគ្គលិកពេទ្យបានប្រចាំការនៅសណ្ឋាគារលីដូនៅទីក្រុងប៉េកាំងដែលនៅ ទីនោះក្រុមគ្រួសារចិនជាច្រើនបានប្រមូលគ្នាតាំងពីយន្តហោះបានបាត់ ខ្លួនរកមិនឃើញនៅដើមខែមិនាមក។ បន្ទាប់ពីបានទទួលដំណឹងហើយ មនុស្សមួយចំនួនត្រូវគេសែងចេញ ។ ក្នុងគ្រាកំពុងកើតទុក្ខសមាជិកគ្រួសារជនរងគ្រោះខ្លះបានស្រែកដាក់ពួកអ្នកយកព័ត៌មាន ។ ខណៈដែលសមាជិកគ្រួសារម្នាក់កំពុងស្រែកយំសមាជិកគ្រួសារម្នាក់ទៀតស្រែកប្រាប់អ្នកយកព័ត៌មានម្នាក់ឲ្យឈប់សួរសំណួរ ។
អ្នកផ្សាយព័ត៌មានម្នាក់នៃប៉ុស្តិទូរទស្សន៍រដ្ឋាភិបាលចិនកាន់កាប់ CCTV បាននិយាយថា អ្នកខ្លះបានគប់ដបទឹកលើពួកអ្នកយកព័ត៌មាន ដែលឈរនៅក្បែរនោះ។ ទិដ្ឋភាពនៅសណ្ឋាគារនោះមានភាពច្របូកច្របល់ ដោយមានមនុស្សជាច្រើនស្រែកយំ ហើយអ្នកខ្លះទៀតសន្លប់។
អាថ៌កំបាំងនៃការបាត់យន្តហោះនេះបាននាំឲ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោក។ ហើយដោយសារអ្នកដំណើរភាគច្រើនជាជនជាតិចិននោះ ទើបសាធារណជននៅក្នុងទីក្រុងប៉េកាំងកំពុងតាមដានយ៉ាងដឹតដល់ក្នុងក្តីសង្ឃឹមថា អ្នកដំណើរក្នុងយន្តហោះនោះ ប្រហែលជាអាចនៅរស់។ នៅតាមបណ្តាញព័ត៌មានសង្គមរបស់ចិន អ្នកខ្លះកំពុងអំពាវនាវឲ្យរដ្ឋាភិបាលចិន កត់សម្គាល់ថ្ងៃកាន់ទុក្ខជាតិមួយសម្រាប់អ្នកដំណើរលើយន្តហោះជើង ហោះហើរ MH 370។
ក្រោយពីសេចក្តីប្រកាសរបស់ម៉ាឡេស៊ី ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ខ្លីមួយទាមទារឲ្យ រដ្ឋាភិបាលម៉ាឡេស៊ីផ្តល់ភស្តុតាងនិងផ្តល់ព័ត៌មានបន្ថែមដើម្បី គាំទ្រការរកឃើញរបស់ខ្លួន។ សេចក្តីថ្លែងការណ៍នោះ ក៏បាននិយាយដែរថា ប្រទេសចិនសង្ឃឹមថា ប្រទេសឯទៀតនិងបន្តស្វែងរកយន្តហោះដែលនៅបាត់ខ្លួននោះ។
មនុស្ស២ភាគ៣នៃមនុស្ស២៣៩នាក់ដែលស្ថិតនៅលើយន្តហោះនោះ ជាជនជាតិចិន ហើយសមាជិកក្រុមគ្រួសាររបស់គេជាច្រើន និយាយថា ពួកគេនឹងមិនជឿការសន្និដ្ឋានរបស់រដ្ឋាភិបាលម៉ាឡេស៊ីទេរហូតទាល់ តែពួកមន្ត្រីផ្តល់ភស្តុតាង។ សមាជិក គ្រួសារអ្នកដំណើរលើយន្តហោះម៉ាឡេស៊ី MH370 ស្រែកយំក្នុងអំឡុងពេលតវ៉ានៅមុខស្ថានទូតម៉ាឡេស៊ីនៅទីក្រុង ប៉េកាំង កាលពីថ្ងៃអង្គារទី២៥ ខែមីនា ឆ្នាំ២០១៤៕