ខេត្តបាត់ដំបង ៖ ជនសង្ស័យ២នាក់ដែលជាខ្មែរ-អ៊ិស្លាម ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពេលដែលពួកគេកំពុងចរាចរណ៍ថ្នាំញៀន ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ នៅចំណុចគល់ស្ពានវត្តគរ ផ្លូវ៥៧A ស្ថិតក្នុងភូមិ-សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បុរសជនជាតិអ៊ិស្លាម២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ ការីម សាគី អាយុ៣៣ឆ្នាំ និងទី២-ឈ្មោះម៉ាត់ ណាអ៊ីម អាយុ១៨ឆ្នាំ អ្នកទាំង២ មានទីលំនៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៤ថង់តូចស្មើ៤,៥ក្រាម ។
យោងតាមចម្លើយសារភាពបុរសសង្ស័យទាំង២នាក់ និងវត្ថុតាង សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងពីបទលក់ចែកចាយគ្រឿងញៀន បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕