ចំណីអាហារប៉ូវដែលជួយដល់សមត្ថភាពផ្លូវភេទឲ្យខ្លាំងក្លា គឺជាបំណងប្រាថ្នារបស់បុរស ដែលពួកគេតែងតែស្វែងរកវិធីផ្សេងៗ ដើម្បីឱ្យទទួលបានផលល្អនៅក្នុងរឿងនេះ ។ ក៏ប៉ុន្ដែភាគច្រើនមិនអាចអះអាងបានថា បានទទួលផលពិត ឬអត់នោះទេ ។ បុរស និងស្ដ្រីបើទទួលបានសេចក្ដីសុខខាងផ្លូវភេទប្រហាក់ប្រហែលគ្នា គឺកាន់តែត្រូវការ ញឹកញាប់ថែមទៀត ។ ដូច្នេះការស្វែងរកឱសថ ឬចំណីអាហារ ដើម្បីជាជំនួយក៏មានសារសំខាន់មិនអន់ប៉ុន្មានដែរ លោកអ្នកគួរតែស្វែងយល់ទាំងប្រភេទឱសថ និងអាហារដែលមានប្រយោជន៍សម្រាប់ផ្លូវភេទ។
សម្រាប់អាហារដែលហុចផលល្អដល់ផ្លូវភេទមានដូចជា ស៊ុតពណ៌ក្រហម សាច់គោ សណ្ដែក យិនស៊ិន មើមខ្ទឹមបារាំង គ្រឿងទេស ប្រេងធញ្ញជាតិដែល និយមប្រើក្នុងពេលបច្ចុប្បន្ន ។ កាលពីសម័យបុរាណពួកអឺរ៉ុបមានជំនឿថា ពងស្វាសរបស់សត្វគោ និងទឹកឃ្មុំអាចជួយភ្ញោចអារម្មណ៍ខាងផ្លូវភេទបាន ព្រោះថា ពងស្វាសរបស់សត្វគោ និងលម្អងផ្កា មានអ័រម៉ូនបុរស តែបើចង់ឱ្យមានប្រសិទ្ធភាពទាល់តែទទួលទាននៅស្រស់ៗ ព្រោះចំណែកខ្លះអាចត្រូវបានអាស៊ីដនៅក្នុងក្រពះបំផ្លាញអស់ ។
យិនស៊ិនជាថ្នាំបុរាណមួយប្រភេទដែលគេជឿថា ជាឱសថប៉ូវកម្លាំងភេទ តែតាមការពិសោធន៍គេមិនអាចអះអាងភាពជាក់លាក់បានទេ ។ ចំណែកវីតាមីនវិញ វាជាសារជាតិអាហារដែលជួយថែរក្សាភាពក្មេងខ្ចី និងភាពរវាសរវៃ ។ ប៉ុន្ដែសម្រាប់លទ្ធផលដោយចំៗ នោះនៅពុំទាន់មានការពិសោធន៍នៅឡើយទេ ។ សម្រាប់ការប៉ះពាល់វិញ អាហារប្រភេទទាំងនេះមិនគួរទទួលទានច្រើនពេកនោះទេ ព្រោះអាចធ្វើឱ្យកើតរោគធាត់បាន ។ បើនិយាយពីថ្នាំប៉ូវសម្រាប់គ្រូពេទ្យចិន គឺដៅទៅដល់អាហារដែលធ្វើឱ្យរាងកាយពីទន់ខ្សោយឱ្យក្លាយទៅជារឹងប៉ឹងដូចដើមវិញ ។
ចំណែកថ្នាំប៉ូវបែបវិទ្យាសាស្ដ្រវិញ គឺសំដៅដល់ឱសថបំប៉នរាងកាយឱ្យមាំមួនជាងធម្មតា ។ ខាងគ្រូពេទ្យចិនណែនាំឱ្យប្រយ័ត្នរឿងស្ករ ការ៉េម សូកូឡា ផ្លែឈើដែលមានរសជាតិ ផ្អែម និងមធ្យោបាយដោះស្រាយ ណែនាំឱ្យទទួលទានពពួកបន្លែដែលមានម៉ើមដូចជាការ៉ុតជាដើម ។ ចំណែកគ្រូពេទ្យអឺរ៉ុបវិញណែនាំឱ្យទទួលទានសូកូឡា និងអង្ករ ស្រូវអូត ដើម្បីជួយបង្កើនថាមពលផ្លូវភេទ ។ នៅក្នុងប្រទេសអេស្ប៉ាញ គេបាននាំយកសត្វអណ្ដើកមាសទៅចម្រាញ់យកសារជាតិ Cantharindine មកភ្ញោចអារម្មណ៍ផ្លូវភេទ ។ Cantharindine ជាសារជាតិដែលបានធ្វើការពិសោធន៍លើសត្វសេះ ក្រោយមកក៏ប្រើជាមួយមនុស្ស ។
សារជាតិមួយនេះវារត់ឆ្លងកាត់ក្រលៀន ហើយបញ្ចេញមកវិញ តាមទឹកនោម តែខណៈដែលវានៅក្នុងទឹកនោម និងក្រពះនោមនោះ វាមានអាការក្រហាយបំផុត ទើបជាហេតុធ្វើឱ្យអវយវៈភេទឡើងរឹងបាន ។ ក៏ប៉ុន្ដែក្នុងករណីខ្លះបើឡើង រឹងយូរពេកវាធ្វើឱ្យមានគ្រោះថ្នាក់រហូតដល់ក្លាយទៅជាជាតិពុលដល់ប្រព័ន្ធសរសៃប្រសាទ និងក្រលៀន បន្ទាប់មកក៏កើតអាការរលាកហើយស្លាប់ក្រលៀនជាស្ថាពរតែម្ដង ។ នៅមានរូបមន្ដពិសេសមួយទៀតរបស់គ្រូពេទ្យបុរាណចិន គឺប្រើប្រាស់សត្វសេះទឹក ថ្លើម មាន់ សត្វតុកកែ ស្នែងប្រើសទន់ សត្វក្អែបតៃវ៉ាន់ កុយរមាស ក្រញ៉ាំ ជើងខ្លាឃ្មុំ ។ ប៉ុន្ដែក្នុងពេលបច្ចុប្បន្ននេះរូបមន្ដពិសេសក្នុងការស្ថារសមត្ថភាពផ្លូវភេទ គឺការហាត់ប្រាណឱ្យបានជាប់ ជាប្រចាំ ដើម្បីកាត់បន្ថយជាតិស្ករ សម្រកខ្លាញ់ បន្ថយទម្ងន់ខ្លួន ស្ដារស្ថានភាពសរសៃឈាមឱ្យដំណើរការបានស្រួល ពេលនោះសមត្ថភាពផ្លូវភេទ ប្រាកដជាដំណើរការបានល្អ៕