ជិះ​តាមផ្លូវ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​រថយន្ត បន្សល់ទុក​តែ​គ្រោងឆ្អឹង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ភ្លើង​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ចេញពី​រថយន្ត ខណៈដែល​ឆ្លង​ចរន្តអគ្គិសនី ស្ថិត​នៅមុខ​ភោ​ជនី​ដ្ឋា​ន​កូ​ឡាប​ពេញចិត្ត​999 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​6 ។ ហេតុការណ៍​ភ្ញា​ក់​ផ្អើ​ល​​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A នៅ​ចំណុច​ទល់មុខ​ភោ​ជនី​ដ្ឋា​ន​យីហោ​កូ​ឡាប​ពេញចិត្ត​999 ស្ថិតក្នុង​ក្រុមទី​៦ ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ដែលមាន​អណ្តាតភ្លើង​នោះ ជា​ប្រភេទ​រថយន្ត​ទូ​រី​ស ដឹក​សម្បក​ធុង​ហ្គាស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2D-2284 បើកបរ​ដោយ​បុ​រស​ម្នាក់​ឈ្មោះ គឹម ស៊ី​ណាត ហៅ​ព្រួល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​បុស្បា ឃុំ​មុជ​ក្ដា ស្រុក​រមាសហែក ខេត្តស្វាយរៀង ។ ដោយ​ដឹក​ឧបករណ៍​ជួសជុល​រថយន្ត ម៉ាស៊ីនបូមខ្យល់ ថ្នាំលាប ហ្គ្រា​សប​ញ្ជូ​រ​រថយន្ត ព្រមទាំង​អ្នកដំណើរ​ចំនួន​៥​នាក់​ទៀត ដែល​ចេញដំណើរ​ពី​ផ្សារ​តូច ម្តុំ​ទួល​សង្កែរ ធ្វើដំណើរ​ឆ្ពោះទៅ​ស្រុក​រមាសហែក​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ទុស្សេ​ខ្សែភ្លើង​ក្នុង​រថយន្ត​បណ្តាល​ឲ្យ​ឆាបឆេះ​រថយន្ត​ទាំងស្រុង​តែម្តង បណ្តាល​ឲ្យ​អ្នកបើកបរ​រងរបួស​តិច​តូច ចំណែក​អ្នកផ្សេង​មិនមាន​រ​ង​រ​បួស​​នោះទេ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ប្រាប់​បញ្ជាក់ថា នៅក្នុង​ករណី​ទុស្សេ​ខ្សែភ្លើង​ឆាបឆេះ​រថយន្ត​ដឹក​ធុង​ហ្គាស​នេះ គឺ​ត្រូវ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​ពីរ​គ្រឿង​ក្នុងនោះ​រថយន្ត​ព​ន្ល​ត់​អ​គ្គី​ភ័​យ​របស់​ម​ជ្ឈ​មណ្ឌល​កោះ​ពេជ្រ មួយគ្រឿង និង​រថយន្ត​សង្គ្រោះ​និង​បង្កា​អគ្គិភ័យ​របស់​ការិយាល័យ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​មួយគ្រឿង​។ បើតាម​កា​រ​ប៉ា​ន់​ស្មា​ន​ជំហាន​ដំបូង​ដែល​អគ្គីភ័យ​បាន​ឆាបឆេះ​រថយន្ត​ខាងលើនេះ​ត្រូវបាន​ម្ចាស់​រថយន្ត​ឲ្យ​ដឹងថា គឺ​ខូចខាត​សរុប​ចំនួន​ប្រហែល​៥​ពាន់​ដុល្លារ​អាមេរិក​៕

25-3-2014 25-3-2014 (1) 25-3-2014 (2) 25-3-2014 (3) 25-3-2014 (4)

 

Leave a Reply

(*) Required, Your email will not be published