ខេត្ដកំពង់ចាម ៖ យ៉ាងហោចណាស់មនុស្ស២នាក់ត្រូវបានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនឹងរថយន្ដ ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ នៅខាងលិចរង្វង់មូលស្ពានគីហ្ស៊ូណា ស្ថិតនៅក្នុងភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ដកំពង់ចាម ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សែម សុខ ភេទប្រុស អាយុ២៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ លន់ សីឡា ភេទប្រុស អាយុ ២៧ឆ្នាំ អ្នកទាំង២រស់នៅភូមិកោះអណ្ដែត ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម។ ចំណែកជនបង្កបើកបររថយន្ដម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-1203 មានឈ្មោះ ឃឹម ហ៊ុន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិពោន ឃុំមួងរៀវ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរតាមផ្លូវក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមកដល់កន្លែងកើតហេតុដោយសារជិះលឿនជ្រុលចាប់ហ្វ្រាំងមិនទាន់ ក៏ទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែង ព្រមទាំងយករថយន្ត និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម រង់ចាំការដោះស្រាយជាក្រោយ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសាច់ញាតិមកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕