រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូស៊ុយហ្ស៊ូគីនិច ជាមួយនឹងរថយន្តកុងតឺន័រ កាលវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២១ ខែមីនា ២០១៤ នៅត្រង់ស្តុបផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់បានជិះម៉ូតូស៊ុយហ្ស៊ូគីនិចមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BF-9310 ក្នុងទិសពីកើតទៅលិច តាមផ្លូវសហពន្ធរុស្ស៊ី លុះមកដល់ ចំណុចកើតហេតុក៏បានទៅបុកក្បាលកុងតឺន័រផ្នែកខាងឆ្វេងដែលពាក់ស្លាកលេខ ភ្នំពេញ 3A-5928 ពណ៌ខៀវខ្ចី លាយពណ៌ស ធ្វើដំណើរខ្វែងគ្នាក្នុងទិសដៅពីត្បូង ទៅជើងតាមផ្លូវភ្នំពេញហាណូយ បណ្តាលឱ្យម៉ូតូចូលក្រោមរថយន្ត ហើយរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯ ម៉ូតូជនរងគ្រោះ អ្នកបើកកុងតឺន័រនិងរថយន្តកុងតឺន័រ ត្រូវសមត្ថកិច្ចយកទៅរក្សានៅអធិការដ្នាននគរបាលចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយគ្នាជាក្រោយ ៕