រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាឌ្រីមបុកជាមួយម៉ូតូសង់កូរ៉េក្នុងទិសដៅបញ្ច្រាសគ្នា ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ នៅចំណុចមុខផ្សារហេងលី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1I-1247 ធ្វើដំណើរបញ្ច្រស់ទិសលើផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកគ្នាជាមួយម៉ូតូសង់កូរ៉េមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង1F-0993 ជិះគ្នា៣នាក់យ៉ាងពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ក្នុងនោះមានស្ត្រីមានផ្ទៃពោះជិតគ្រប់ខែទៀត ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការវាស់វែង និងម៉ូតូទាំង២ទៅរក្សានៅអធិការដ្ឋានរង់ចាំការដោះស្រាយជាក្រោយ។ ចំណែកជនរងគ្រោះត្រូវបានគេដឹកទៅសង្គ្រោះនៅគ្លីនិកឯកជន៕