ខេត្តបន្ទាយមានជ័យ ៖ អំពើហិង្សាមួយបានកើតចេញពីភាពឌឺដងដាក់គ្នា ខណៈជួបជុំផឹកស៊ីរហូតដល់បង្កទំនាស់ពាក្យសម្តីបណ្តាលឲ្យបុរសម្នាក់បានរងរបួសធ្ងន់ ហើយជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងកាលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ នៅការដ្ឋានមួយស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមកំណត់ហេតុរបស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឿត អាត់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប រងរបួសបែកក្បាល ។ ចំណែកជនបង្កមានឈ្មោះ លីន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃក្មេង ឃុំព្រៃក្មេង ស្រុកពួក ខេត្តសៀមរាប ។ អ្នកទាំងពីរជាកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍បានឲ្យដឹងថា មុនពេលគេឃើញអ្នកទាំង២នាក់បានទិញស្រាស និងសាច់ក្លែម លុះកំពុងផឹកស្រាប់តែប្រកែកគ្នារឿងទិញស្រា និងសាច់ក្លែម ដោយចេញលុយមិនត្រូវ រួចក៏នាំគ្នាសើចធម្មតាទេ លុះផឹកជាមួយគ្នាអស់ស្រាស ក៏កែកគ្នាសារជាថ្មីរហូតដល់ជនបង្កបានវាយទៅលើជនរងគ្រោះបណ្តាលឲ្យបែកក្បាលតែម្តង ភ្លាមនោះជនបង្កឃើញដូច្នោះរត់គេចបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដើម្បីសម្រាកព្យាបាលរបួស។ រីឯជនបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួន ដើម្បីឃាត់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕