រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានមិត្តភក្តិយកដែកឆាបចាក់បណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ដែលបណ្តាលមកពីឌឺដងពាក្យសម្តីក្នុងវង់ផឹកស៊ី ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅបណ្តោយផ្លូវលំ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវមិត្តភក្តិចាក់ចំនួន៤ដែកឆាបមានឈ្មោះ ប្រុស ហៅទឹកកក អាយុ១៨ឆ្នាំ ស្នាក់ផ្ទះជួលភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌ដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះ និងជនដៃដល់ជាមិត្តភក្តិនឹងគ្នាបានជិះម៉ូតូមួយគ្រឿងមកពីកន្លែងផឹកស៊ីមួយកន្លែង ។ ពេលកំពុងផឹកស៊ីស្រាប់តែជនសង្ស័យ និងជនរងគ្រោះបានទាស់ពាក្សសម្តីឌឺដងដាក់គ្នា ក្រោយមកស្រាប់ជនសង្ស័យបានយកដែកឆាបចាក់ទៅលើជនរងគ្រោះចំនួន៤ដែកឆាប គឺចំក្រោមដោះ១ និងខាងក្រោយខ្នង៣ ធ្វើឲ្យជនរងគ្រោះ ប្រកាច់សន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ។ បន្ទាប់ពីចាក់ជនរងគ្រោះហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដើម្បី ធ្វើកំណត់ហេតុ និងស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕