រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅសួរនាំ ក្រោយពីស្ត្រីម្នាក់បានទៅប្តឹងពីបទប្រើប្រាស់អំពើហិង្សា ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ នៅចំណុចផ្ទះសំណាក់យីហោលីហួរដែលមានទីតាំងស្ថិតនៅខាងលិចរង្វង់មូលកួចកាណុង ផ្លូវលេខ៧០ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់សម្ថកិច្ចបានឲ្យដឹងថា បុរសដែលនាំស្ដ្រីរកស៊ីផ្លូវភេទទៅដេក និងបង្កហិង្សារហូតដល់របួសស្នាមមានឈ្មោះ នូ កាណែល អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ-សង្កាត់និរោធ ខណ្ឌមានជ័យ បានរងរបួសត្រង់ម្រាមដៃស្ដាំកណ្ដាល ។ ចំណែកឯស្រីរកស៊ីផ្លូវភេទឈ្មោះ សៀម ភា អាយុ៣២ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះជួលលេខ២ ផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បានរងរបួសដាច់ស្លឹកត្រចៀកខាងឆ្វេង ដាច់ក្ដោងច្រមុះដោយសារព្រោះតែខាងប្រុសខាំ និងដាល់ភ្នែកខាងឆ្វេងឡើងខៀវប៉ោង ។
ប្រភពដដែលបានបន្ដទៀតថា នៅមុនពេលកើតហេតុភាគីបុរសបានចេញពីផឹកស៊ីនៅម្ដុំខាងក្រោយសណ្ឋាគារប្រេស៊ីដង់ ដោយនឹកឃើញចង់រកស្រីដេកយប់ក៏បានបើកម៉ូតូសង់កូរ៉េ ពណ៌ក្រហមជិះតែម្នាក់ឯងឆ្ពោះមករកស្រីនៅម្ដុំខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។ ពេលនោះបានជួបនឹងស្ត្រីរកស៊ីផ្លូវភេទនោះ ក៏បានតថ្លៃត្រូវរ៉ូវគ្នាក្នុងតម្លៃ២០ដុល្លារ ហើយក៏ដឹកគ្នាឆ្ពោះមកជួលបន្ទប់លេខ១០២ផ្ទះសំណាក់យីហោលីហួរហើយពេលចូលដល់ក្នុងបន្ទប់ស្រាប់តែខាងស្រីបានទារលុយមុន២០ដុល្លារ ។ ពេលនោះខាងប្រុសហុចឱ្យតែ៣ម៉ឺនរៀលសិនព្រោះគិតថា ចាំរួមភេទចប់សឹមឱ្យបង្គ្រប់ប៉ុន្ដែខាងស្រីមិនទទួលយកបានឡើយ ដោយសារខាងប្រុសដែលកំពុងមានតណ្ហាពុះកញ្ជ្រោលខឹងសម្បាយ៉ាងខ្លាំងក៏បើកសំឡេងទូរទស្សន៍ឮខ្លាំងៗ ហើយស្ទុះទៅប្រតាយប្រតប់ ខាំស្លឹកត្រចៀក និងដាល់នាងប៉ោងភ្នែក ។ ចំណែកខាងស្រីវិញក៏ចាប់ខាំម្រាមដៃខាងស្ដាំបណ្ដាលឱ្យរបួសហូរឈាមបង្កការភ្ញាក់ផ្អើល ពេញផ្ទះសំណាក់តែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅធ្វើអន្ដរាគមន៍ភ្លាមៗរួច ហើយនាំពួកគេទាំង២នាក់នោះមក កាន់ស្នាក់ការប៉ុស្ដិ៍ស្រះចកដើម្បីសម្របសម្រួលគ្នា ។ ដោយខាងប្រុសដឹងខ្លួនថាធ្វើខុសក៏សុខចិត្ដចេញសំណងឱ្យនារី រកស៊ីផ្លូវភេទដែលរងរបួសច្រើនកន្លែង នោះចំនួន៤០០ដុល្លារ ដើម្បីបញ្ចប់បញ្ហានិងបានទៅព្យាបាលរបួសទាំងអាការឈឺចាប់បំផុត ៕