បុរសភាគច្រើនតែងមិនអើពើ មិនគិតគូរដល់រឿងឈឺពងស្វាសនោះទេ ខណៈដែលបញ្ហានេះអាចនឹងនាំទៅរកស្ថានភាពស្វិតពងស្វាសដែលជាមូលហេតុអាចធ្វើឱ្យអសមត្ថភាពបន្តពូជទៀតផង ។ ប្រសិនជាមានការឈឺ “គ្រាប់គុជពីរគ្រាប់” នោះមួយប្រាវខ្លាំង ឬឈឺរ៉ាំរ៉ៃតិចៗ ចូរកុំមើលស្រាលឱ្យសោះប្រញាប់ទៅមន្ទីរពេទ្យភ្លាម ។
ការឈឺពងស្វាសមួយ ឬពីរ អ្នកគួរតែទៅមន្ទីរពេទ្យដើម្បីទទួលការពិនិត្យ និងព្យាបាលឱ្យទាន់ពេលពុំនោះទេវានឹងអាចកើតមានជំងឺផ្សេងៗ ទៀតដូចជានោមញឹកការឈឺចាប់រាលដាលឡើងប្រដាប់បន្តពូជ រួចឆ្លងមកឈឺនៅត្រង់ពោះផ្នែកខាងក្រោមទៀតផង ។ ទាំងនេះវានឹងបង្កើតបានជាជំងឺរលាកប្រូស្តាតដោយសារតែឆ្លងមេរោគ ។ ពងស្វាសគឺជាសរីរាង្គផលិតមេជីវិត ។
ទន្ទឹមនឹងនេះវាក៏ផលិតចេញនូវ អ័រម៉ូនដែលជាទឹកកាមបុរស និងកែសម្រួលប្រព័ន្ធប្រដាប់ភេទបុរស ។ បើតាមគ្រូពេទ្យផ្នែកបុរសនិយាយថា ពងស្វាសគឺងាយប្រតិកម្មខ្លាំងណាស់ នេះក៏ព្រោះតែសម្បករបស់វាគឺមានសភាពស្តើង ។ “គ្រាប់គុជ” ឈឺចាប់គឺអាចដោយសារមូលហេតុដូចជាចេញទឹកកាមច្រើនពេក ឬក៏មិនចេញសោះការគ្រប់គ្រងមិនឱ្យចេញទឹកកាមពេលប្តីប្រពន្ធ “នៅជាមួយគ្នា”ក៏អាចធ្វើឱ្យឈឺពងស្វាសបានដែរ ។
*ការប៉ះទង្គិច ៖ ដោយសារតែសកម្មភាពនៃការរួមភេទមានកាយវិការមិនត្រឹមត្រូវនិងប្រើកម្លាំងខ្លាំងពេក ។ ក្រៅពីនេះបណ្តាមនុស្សដែលតែងធ្វើដំណើរឆ្ងាយតាមរថយន្តជាពិសេសអ្នកជិះកង់ក្នុងរយៈពេលវែង ឬធ្វើដំណើរតាមផ្លូវរលាក់ខ្លាំងក៏អាចធ្វើឱ្យឈឺ “គ្រាប់គុជ”បានដែរ ។ ការប៉ះទង្គិចជាមួយវត្ថុរឹង (ជាពិសេសពេលលេងកីឡា) ក៏អាចជាមូលហេតុនៃការឈឺបានដែរ ។
* ត្របាញ់ពងស្វាស ៖ សភាពចល័តរបស់ពងស្វាសក្នុងប្លោកអាចធ្វើឱ្យត្របាញ់ ឬមិនប្រក្រតីបណ្តាលឱ្យស្ទះសរសៃឈាមដែលចិញ្ចឹមប្លោកពងស្វាស ។ ជាលទ្ធផលគឺធ្វើឱ្យកោសិកានៅក្នុងពងស្វាសត្រូវងាប់ ។ នេះគឺជាស្ថានភាពគ្រោះថ្នាក់ខ្លាំងណាស់ដែលវាអាចកើតឡើងជាញឹកញាប់ចំពោះបុរស ចាប់ពីអាយុ ១០ ដល់ ២០ ឆ្នាំ ។
* រលាកក្បាលពងស្វាសទាំងពីរ ឬក៏មួយ ៖ មូលហេតុដែលបណ្តាលឱ្យកើតជំងឺនេះគឺដោយសារឆ្លងរោគពីប្លោកនោម ឬមានជំងឺដែលឆ្លងពីប្រដាប់បន្តពូជ ។
* យឺតសរសៃឈាមខ្មៅ ៖ នេះគឺជាការយឺតយារសរសៃឈាមខ្មៅខាងលើនៃពងស្វាស ។ ករណីនេះកើតជាញឹកញាប់នៅលើគ្រាប់ខាងឆ្វេង ។ ស្ថានភាពនេះអ្នកជំងឺនឹងមានការឈឺចាប់ពងស្វាសនៅពេលធ្វើការធ្ងន់ ឬឈរយូរ ។
ចំពោះសរីរាង្គគឺពងម្ខាងនឹងតូចជាងពងម្ខាងទៀត បើស្ទាបគល់ប្រដាប់ភេទយើងនឹងមានអារម្មណ៍ថាមានកញ្ចុំស្រដៀងនិងសរសៃមី ។ អាការនេះអាច ធ្វើឱ្យចំនួនមេជីវិតថយចុះ និងខ្សោយគុណភាពទៀតផង ។
ដើម្បីការពារពងស្វាសមិនឱ្យឈឺចាប់នៅពេលឃើញមានសភាព មិនប្រក្រតីនៃពងស្វាសរបស់ស្វាមី(ឈឺមួយភ្លែតឬឈឺរយៈពេលយូរ) អ្នកគួរតែប្រាប់ឱ្យស្វាមីប្រញាប់ទៅទទួលការពិនិត្យនៅពេទ្យជំនាញខាងបុរសកាន់តែឆាប់កាន់តែល្អ ។ បើសិនជាឈឺចុកដោយសារប៉ះទង្គិចអ្នកគួរតែយកទឹកកកស្អំឱ្យស្វាមីត្រង់កន្លែងឈឺនោះ ។ វិធីផ្សេងមួយទៀតដែលមានប្រសិទ្ធភាពដែរនោះ គឺងូតទឹកក្តៅ ។ ចំពោះករណីដូចពងស្វាសធ្លាក់ យឺតយារសរសៃឈាមខ្មៅ…អ្នកជំងឺចាំបាច់ត្រូវទៅឱ្យគ្រូពេទ្យជំនាញពិនិត្យព្យាបាលទើបបាន ។ អាស្រ័យទៅលើករណីនីមួយៗ គ្រូពេទ្យនឹងកំណត់វិធីព្យាបាលដោយសមស្រប ។
ក្រៅពីនេះដើម្បីការពារជំងឺនេះបុរសៗ គួរតែយកចិត្តទុកដាក់ការពារពងស្វាសនៅពេលលេងកីឡា ហើយមិនត្រូវអង្គុយធ្វើការ ឬធ្វើដំណើរដោយយានយន្តពី ២-៣ ម៉ោងជាប់គ្នានោះទេ អ្នកគួរដើរចុះឡើងដើម្បីសម្រួលឥរិយាបថ ។ រក្សាអនាម័យ“តំបន់ហាមឃាត់” ក៏ជាវិធីល្អមួយដើម្បីការពារការឆ្លងរោគ ។ មុននឹងក្រោយការរួមភេទស្វាមីភរិយាគួរសម្អាតអនាម័យឱ្យបានល្អ ។ ទន្ទឹមនឹងនេះ ដើម្បីទប់ស្កាត់នឹងការឆ្លងវីរុសប្តីប្រពន្ធគួរតែប្រើវិធីឱ្យមានសុវត្ថិភាពក្នុងពេល“រួមមេត្រី” ៕