ខេត្ដកំពង់ចាម ៖ អំណាចនៃភ្លើងកំហឹងមួយឆាវបានធ្វើឲ្យបុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ចិញ្ច្រាំស្ត្រីដែលជាភរិយាជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ។ ហេតុការណ៍រដ៏រន្ធត់នេះបានកើតឡើងកាលពីម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅភូមិចុងខ្ញូង ភូមិមហាខ្ញូង ស្រុកកោះសូទិន ខេត្ដកំពង់ចាម ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ជាប្ដីមានឈ្មោះសេង សុធា អាយុ៣៥ឆ្នាំ មានមុខរបរជាអ្នកចម្ការ។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ ថន សុខទាង អាយុ៣២ឆ្នាំ មានមុខរបរលក់ចាប់ហួយនៅផ្ទះ អ្នកទាំងពីរស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ស្ដ្រីរងគ្រោះត្រូវប្ដីប្រើកាំបិតខ្វែវកាប់ត្រូវចំនួន៤កន្លែងលើក្បាល២កាំបិត និងដៃឆ្វេង២កាំបិតស្លាប់ក្នុងថ្លុកឈាមលើផ្ទះ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុប្រពន្ធបានស្ដីបន្ទោសបន្ដិចបន្ដួចទៅលើប្ដី ប៉ុន្ដែពុំដឹងរឿងអ្វីនោះទេ ។ បន្ទាប់មកក៏ផ្ទុះហិង្សាខ្លាំងប្ដីបានទាញកាំបិតខ្វែវកាប់ចិញ្ច្រាំប្រពន្ធតែម្ដង ។ ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុការណ៍នេះ ជាងមួយខែមុន ស្ដ្រីរងគ្រោះ និងប្ដីធ្លាប់បានឈ្លោះប្រកែកគ្នាម្ដងរួចមកហើយ ប៉ុន្តែពេលនោះប្រពន្ធបានចុះចេញពីផ្ទះអស់រយៈពេល១០ថ្ងៃ។ បន្ទាប់មកពួកគេបានជួបជុំគ្នាវិញ ទើបនៅយប់កើតហេតុមុនពេលប្ដីកាប់ប្រពន្ធសម្លាប់គេបានឮសំឡេងឈ្លោះប្រកែក គ្នាហើយក៏មានហេតុការណ៍បែបនេះតែម្ដងដោយគេសង្ស័យថា កើតចេញ ពីរឿងប្ដីប្រច័ណ្ឌប្រពន្ធគ្រាដែលប្រពន្ធចុះចេញពីផ្ទះចំនួន១០ថ្ងៃ ។
ទោះយ៉ាងណាសមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់ហើយគ្រោងនឹងបញ្ជូនសំណុំរឿងពីបទមនុស្សឃាតនេះទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕