ខេត្ដកំពង់ធំ ៖ ស្ត្រីម្នាក់បានស្លាប់ចោលកូន ខណៈដែលសម្រាលកូនក្នុងពេទ្យឆ្មបឯកជនមួយកន្លែងស្ថិតនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ដោយសម្រាលកូនបានកូនប្រុស១ត្រឹមតែជាង២ម៉ោងក៏បាន ស្ទះដង្ហើមបណ្ដាលឱ្យស្លាប់ភ្លាម។
ប្រភពព័ត៌មានពីក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ស្រីមុំ អាយុ៣៤ឆ្នាំ និងស្វាមីឈ្មោះ រុន គួង មានកូន៥នាក់ស្រី៣ ប្រុស២ទាំងទារកនេះ ។ នៅថ្ងៃសម្រាលកូន ក្រុមសាច់ញាតិបាននាំស្ត្រីរងគ្រោះទៅពេទ្យឆ្មបខាងលើ ដើម្បីសម្រាលកូន។ លុះសម្រាលកូនបាន២ម៉ោងគ្រូពេទ្យដែលទទួលខុសត្រូវបានទុកឱ្យអ្នកជំងឺនៅជាមួយសាច់ញាតិដោយសារតែឃើញអាការមិនគួរឱ្យព្រួយបារម្ភក្រោយពីតាមដានសុខភាពបានល្អិតល្អន់មក ហើយអ្នកគ្រូពេទ្យក៏បានចេញទៅទិញម្ហូប ។ លុះបន្ដិចក្រោយមកអាការអ្នកជំងឺថប់ដង្ហើម ទើបហៅគ្រូពេទ្យមកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យតាមរ៉ឺម៉កម៉ូតូ ។ ពេលមកដល់ខ្លោងទ្វារមន្ទីរពេទ្យស្ដ្រីរងគ្រោះបានសន្លប់បាត់ស្មារតី ។
ប្រធានមន្ទីរពេទ្យបង្អែក ខេត្ដកំពង់ធំបានឱ្យដឹងថា នៅពេលដែលពេទ្យឆ្មបបានបញ្ជូនមកដល់មន្ទីរពេទ្យ គឺអាការរបស់អ្នកជំងឺធ្ងន់ធ្ងរទោះជាគ្រូពេទ្យនាំគ្នាជួយយ៉ាងសស្រាក់សស្រាំក៏មិនអាចជួយសង្គ្រោះជីវិតបានដែរ ដោយសារតែបេះដូងជនរងគ្រោះមិនអាចធ្វើចលនាបានគឺអ្វីៗគាំងអស់ទៅហើយ ។
លោកស្រី នូ វិចិត្រា ដែលជាពេទ្យឆ្មបទទួលបន្ទុកខុសត្រូវនឹងបណ្ដាលឱ្យមានការបាត់បង់ជីវិតបានឱ្យដឹងថា អ្នកជំងឺមានសុខភាពល្អពុំមានបញ្ហាអ្វីនោះទេ ទើបបានហ៊ានបណ្ដោយទុកឱ្យសាច់ញាតិឆ្លៀតឱកាសទិញម្ហូបតែគាត់បានខំប្រឹងប្រែងអស់លទ្ធភាពហើយនៅតែពុំអាចជួយ សង្គ្រោះអាយុជីវិតជនរងគ្រោះបាន ។
ជុំវិញបញ្ហាខាងលើនេះដែរ មហាជនរិះគន់ថា មូលហេតុនៃការស្លាប់នេះ ដោយសារតែការធ្វេសប្រហែសរបស់ពេទ្យឆ្មបឯកជន និងពុំមានឧបករណ៍គ្រប់គ្រាន់ ខ្វះបច្ចេកទេស ខ្វះជំនាញក្នុងការជួយសង្គ្រោះ ជាពិសេសពុំមានបុគ្គលិកជំនាញមើលថែរក្សាតាមដានអាការអ្នកជំងឺ និងសង្គ្រោះឱ្យបានទាន់ពេលវេលា រង់ចាំឱ្យក្លាយជាសពទើបភ្ញាក់រលឹកនាំអ្នកជំងឺទៅមន្ទីរពេទ្យ ៕