ខេត្តបាត់ដំបង ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីប្រើអំពើហិង្សាបណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិមោងឫស្សី ឃុំមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ សាំង ចាន់ ភេទប្រុស អាយុ២៦ឆ្នាំ និងទី២ឈ្មោះ កុត ពើម ភេទប្រុស អាយុ៤២ឆ្នាំ អ្នកទាំងពីរស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះមានឈ្មោះ សេង ហួត ភេទប្រុស អាយុ៦១ឆ្នាំ (ឪពុក) និងកូនប្រុសឈ្មោះ សេង ហ៊ួរ ភេទប្រុសអាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរជនសង្ស័យ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុជនសង្ស័យបាននិយាយទូរស័ព្ទយប់ឮខ្លាំងៗរំខានដល់អ្នកនៅជិតខាង ពេលនោះជនរងគ្រោះ និងក្រុមគ្រួសារបានខឹងក៏ចេញមកស្តីឲ្យជនសង្ស័យទាំងប្រពន្ធ កូន ព្រមទាំងយកដុំថ្មគោល ដេញគប់ជនសង្ស័យជាច្រើនដងធ្វើឲ្យជនសង្ស័យទ្រាំមិនបានក៏បាន ហៅបក្ខពួកមកជួយព្រមទាំងបានយកដំបង ឈើជ្រុងមកវាយជនរងគ្រោះជាច្រើនដំបងបណ្តាលឲ្យបែកក្បាលរបួសធ្ងន់ត្រូវបានដឹកយកទៅព្យាបាល នៅមន្ទីរស្រុកមោងឬស្សី ហើយក្រុមគ្រួសារបានទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍បន្ទាប់ពីបានទទួលពាក្យបណ្តឹង ហើយសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ នាំយកមកអធិការស្រុកតែម្តង។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបាននិយាយសារភាពថា មកពីភាគីជនរងគ្រោះបានរំលោភបំពានពួកខ្លួនមុន ទើបខ្លួនខឹងក៏ជ្រុលដៃយកដំបងវាយតបវិញបណ្តាលឲ្យរបួសទៅ។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕