ចោរប្លន់​គ្មាន​បទពិសោធន៍ ប្រើ​កាំភ្លើង​ជ័រ​ប្លន់​ខុស​បច្ចេកទេស របួស​បាក់ជើង​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ គ្រា​ដែល​ចោរ​គ្មាន​ជំនាញ​ម្នាក់ បាន​យក​កាំភ្លើង​ជ័រ ផ្ជ​ង់​ប្លន់​ជនរងគ្រោះ តែ​មិនបាន​សម្រេច​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភ្លាមៗ ។ ហេតុការណ៍​គួរ​ឲ្យ​អស់សំណើច​មួយ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លក់​គ្រឿងទេស​មួយកន្លែង​លេខ​៥៥ ផ្លូវ​២៧១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​មានឈ្មោះ ឃួន ដា​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​សន្ដិសុខ ស្នាក់​នៅផ្ទះ​លេខ​៥ ផ្លូវលំ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1V-4937 ដោយ​បិទ​ក្លែង​ឲ្យ​ទៅជា​ស្លាក​លេខ​ភ្នំពេញ 1V-5937 មក​ឈប់​នៅមុខ​ផ្ទះ​ហើយ​ធ្វើជា​រក​ទិញ​អីវ៉ាន់ ពី​ជនរងគ្រោះ ។

 

ខណៈដែល​ជនរងគ្រោះ​មានឈ្មោះ សំ ដា​នី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ កំពុងតែ​លើក​អីវ៉ាន់​បំណង​យកទៅដាក់​លើ​ម៉ូតូ​ជនសង្ស័យ​ក៏ត្រូវ​ជននេះ​យក​កាំភ្លើង​ជ័រ​ភ្ជង់​រួចហើយ​វាយ​នាង​នឹង​មួក​ការពារ​សុវត្ថិភាព​ពីក្រោយ​បណ្ដាល​ឲ្យ​ដួល​ផ្កាប់មុខ ក្នុង​បំណង​ប្លន់​យក​ កាបូប​លុយ​តែម្ដង ។ ភ្លាមៗ​នោះ​នារី​រងគ្រោះ​បាន​ស្រែកថា ចោរៗ​ដើម្បី​ឲ្យ​គេ​ជួយ​។ ពេលនោះ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ រត់ចោល​ម៉ូតូ​ឡើងទៅ​លើផ្ទះ​របស់គេ​នៅ​ជិត​នោះ និង​បាន​លោត​មក​ខាងក្រោម​វិញ​បណ្ដាល​ឲ្យ​បាក់ជើង​ម្ខាង ហើយក៏​ត្រូវ​ប្រជាពលរដ្ឋ និង​នគរបាល​ខណ្ឌទួលគោក​ស្ទាក់​ចាប់បាន​តែម្ដង​រួម និង​កាំភ្លើងខ្លី​ជ័រ​មួយ​ដើម​ផងដែរ ។​

 

​ក្រោយ​ការឃាត់ខ្លួន​ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

17-3-2014

 

Leave a Reply

(*) Required, Your email will not be published