រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៤ នៅចំណុចមុខក្រសួងការពារ ជាតិ ឋិតក្នុងសង្កាត់មិត្ដភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ គ្រាន់តែរឿងស្ទះចរាចរណ៍ប៉ុណ្ណោះបុរសជនជាតិវៀតណាមចិត្ដខ្លាំងម្នាក់បានវាយទៅលើលោកឧត្ដមសេនីយ៍ទោ (ផ្កាយ២យោធា) ម្នាក់ បណ្ដាលឱ្យហើមមុខពោរ ហើយភ្លាមៗនោះជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ៧មករាឃាត់ខ្លួនបានភ្លាមៗផងដែរ។សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះងី វ៉ាន់ឌុក ភេទប្រុស អាយុ៦៤ឆ្នាំ មានឋានន្ដរស័ក្ដិឧត្ដមសេនីយ៍ទោ(ផ្កាយ២យោធា) បម្រើការងារនៅក្រសួងការពារជាតិ។ចំណែកជនដៃដល់មានឈ្មោះចាំង គីមហេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរ ម្នាក់ឯងដោយម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ពាក់ស្លាកលេខភ្នំពេញ 1CD-6009 រីឯជនដៃដល់២នាក់ប្ដីប្រពន្ធ ធ្វើដំណើរ ដោយរថយន្ដកូរ៉េមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2O-6009 ។ ជន រងគ្រោះ និងជនដៃដល់បានធ្វើដំណើរ ស្របទិសគ្នាតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។ លុះមកដល់ចំណុចមុខក្រសួងការពារជាតិ ក៏បានបត់ដូចគ្នា ។
បន្ទាប់ពីធ្វើដំណើរទៅមុខបានចម្ងាយប្រហែល១០ ម៉ែត្រ ជនដៃដល់ក៏បានបើករថយន្ដទៅ ហួសម៉ូតូជនរងគ្រោះបន្ដ ក៏បានចុះមក ពីរថយន្ដដើរសំដៅមកចាប់កអាវជន រងគ្រោះ និងដាល់ចំផ្ទៃមុខជនរងគ្រោះ ជាច្រើនដៃមិនមានការសួរនាំអ្វីទៅំងអស់។ ប្រភពបន្ដថា បន្ទាប់ពីដាល់ជនរងគ្រោះ រួចហើយ រូបគេបំណងឡើងជិះរថយន្ដ គេចខ្លួន ក៏ត្រូវសមត្ថកិច្ចកងរាជអាវុធ ហត្ថដែលយាមនៅលើសួនច្បារជិត កន្លែងកើតហេតុអន្ដរាគមន៍ឃាត់ខ្លួន ជនដៃដល់បានភ្លាមៗផងដែរ ៕