ខេត្តកំពង់ចាម ៖ បុរសម្នាក់បានស្លាប់ ក្នុងហេតុការណ៍កាប់ចាក់គ្នា ក្នុងវង់ស៊ីផឹកមួយដែលកើតចេញពីទំនាស់ពាក្យសម្តីបន្តិចបន្តួចកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ ឋិតក្នុងភូមិទី១ឃុំកោះសូទិនទី១ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ប្រភពពីមន្ត្រីនគរបាលនៃអធិការនគរបាលស្រុកកោះសូទិន ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ព្រាប សំអាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទី១៤ ឃុំកោះសូទិន១ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ចំណែកជនដៃដល់ឈ្មោះ ជីន ភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ រស់ នៅភូមិទី១ ឃុំកោះសូទិន១ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ជនរងគ្រោះនិងជនដៃដល់ជាក្លើម្រាក់នឹងគ្នា ហើយពួកគេបានបបួលគ្នាផឹកស៊ីជាមួយមិត្តភក្តិដទៃទៀតតាំងពីម៉ោង៩ព្រឹកមកម្ល៉េះ ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា តាមអ្នកឃើញហេតុការណ៍ គឺផ្តើមចេញពីការផឹកស៊ីស្រវឹងស្រាចូលពោះ ហើយប្រកាន់ប្រកែកពាក្យសម្តីគ្នា ។ ពេលនោះជនដៃដល់បានយកកាំបិតចិតបន្លែចុងស្រួចចាក់ទៅលើជនរងគ្រោះត្រូវចំសាច់ដុំដៃខាងឆ្វេង និងក្រោមដោះខាងស្តាំលិច ហើយជនរងគ្រោះបានរត់ទាំងត្រដរខ្យល់ ហើយត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក៏ស្លាប់នៅទីនោះតែម្តង។
ចំណែកជនដៃដល់ឆ្លៀតពេលចលាចល បានព្យាយាមរត់ចូលទៅចំម្ការថ្នាំជក់របស់អ្នកស្រុកដែលមានទំហំធំ និងក្រាស់ ហើយត្រូវបានសមត្ថកិច្ចរាយកម្លាំងព័ទ្ធចំការថ្នាំនោះដើម្បីចាប់ខ្លួនតែម្តង ៕