ខេត្តកំពង់ធំ ៖ រថយន្តយីឌុបម៉ាកហ៊ីយ៉ាន់ដាយ(ភ្លៅ៥)ក្បាលពណ៌សរ ទ្រុងពណ៌ត្រួយចេក ពាក់ស្លាកលេខ កំពង់ចាម3A-3330ដឹកស្រូវ លួចដាក់បង្កប់ឈើគ្រញូង១គ្រឿង ត្រូវបានសមត្ថកិច្ច ធ្វើការបង្ក្រាបកាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
យោងតាមព័ត៌មានពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានសម្ងាត់ពីបណ្តាញរាយការណ៍មកថាមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយយីឌុប(ភ្លៅ៥) ដឹកស្រូវ១គ្រឿងខាងលើ លួចដាក់បង្កប់ឈើគ្រញូងនោះ កំពុងតែធ្វើចរាចរណ៍ដឹកជញ្ជូនឈើក្រញូង ចេញមកពីខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម កម្លាំងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយរួមសហការគ្នាជាមួយកងកម្លាំងនគរបាល កងរាជអាវុធហត្ថ សឹករងកំពង់ធំ ចុះបង្ក្រាបបទល្មើសឈើក្រញូងនេះបាននៅចំណុច ភូមិឃុំកើហេតុខាងលើ។
ចំណែកអ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោលព្រលឹងចុងសក់ទាំងយប់កម្លាំងយើងក៏បាននាំយករថយន្តខាងលើមកកាន់ ផ្នែករដ្ឋបាលព្រៃឈើស្ទោង លុះដល់ព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៤ សមត្ថកិច្ចរើស្រូវចេញ យកឈើគ្រញូងមកវាស់វែងមានចំនួន១៨៧ដុំ ទម្ងន់ ១២៧៥គីឡូក្រាម ស្មើនឹង១,០៦២ ម៉ែត្រគូប យកមករក្សាទុក ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕