ខេត្តបន្ទាយមានជ័យ ៖ កូនអកតញ្ញូ ចិត្តតិរច្ឆានម្នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ ខណៈជននេះចាក់សោបង្ខាំងម្តាយបង្កើតទុកក្នុងផ្ទះ ហើយបម្រុងចាក់សាំងដុត ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ ឋិតនៅក្នុងភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
បើតាមសម្តីរៀបរាប់របស់ស្ត្រីរងគ្រោះជាម្តាយឈ្មោះ អោក ទៀង អាយុ៦៤ឆ្នាំ បានឲ្យដឹងថា កូនប្រុសរបស់គាត់មានឈ្មោះ ណៅ ប៊ុនរ័ត្ន ហៅទាវ អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខាងលើ និងមានប្រពន្ធ និងកូន២នាក់ តែដោយសាររូបគេស្រវឹងខួប និងវាយធ្វើបាបប្រពន្ធពេក នាងក៏នាំកូនចុះចោលទៅរស់នៅស្រុកកំណើតនៅឯខេត្តកណ្តាល។
ស្ត្រីជាម្តាយបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុកូនប្រុសរបស់គាត់បានផឹកស្រាស្រវឹង គ្រាដែលមកដល់ផ្ទះបានរករឿងគាត់ និងចាក់សោបង្ខាំងគាត់ទុកនៅក្នុងផ្ទះរួចហើយយកសាំងមកចាក់បម្រុងដុតផ្ទះចោល តែត្រូវប្រជាពលរដ្ឋជិតខាងប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន និងរំដោះរូបគាត់ជាម្តាយចេញពីក្នុងផ្ទះមកវិញ។
ជុំវិញករណីនេះឪពុកម្តាយជនសង្ស័យបានសំណូមពរសមត្ថកិច្ចយកកូនប្រុសស្រវឹងខួបចិត្តតិរច្ឆានរូបនេះទៅដាក់នៅមណ្ឌលកែប្រែ ដើម្បីអប់រំ៕