ខេត្តកណ្តាល ៖ ស្ត្រីចិត្តខ្លាំងម្នាក់ត្រូវបានរលត់ជីវិត ខណៈដែលមិនទាន់ទៅដល់មន្ទីរពេទ្យ ដើម្បីសង្គ្រោះក្រោយលេបថ្នាំបំពុលសត្វអស់មួយកញ្ចប់ គ្រាន់តែជម្លោះពាក្យសំដីគ្នាជាមួយប្តីរឿងដាំបាយហូបបន្តិចបន្ទួចសោះ កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នៅចំណុចផ្ទះស្ត្រីរងគ្រោះស្ថិតក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។
ស្ត្រីដែលលេថ្នាំបញ្ចប់ជីវិតព្រោះទំនាស់គ្នាជាមួយប្តីនោះឈ្មោះ ហែម ហ៊ៀវ អាយុ៤៨ ឆ្នាំ និងប្តីឈ្មោះ ម៉ម ប្រុស អាយុ៤៩ឆ្នាំ អ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមសម្តីរៀបរាប់របស់ប្តីប្រាប់សមត្ថកិច្ចនគរបាលថា នៅវេលាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ រូបគាត់ និងប្រពន្ធបាននាំគ្នាទៅស៊ីឈ្នួលច្រូតស្រូវនៅក្នុងភូមិជាមួយគ្នារហូតដល់វេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ក៏បាននាំគ្នាត្រឡប់មកផ្ទះ វិញ ដើម្បីឈប់សម្រាកហូបបាយ ។ ពេលមកដល់ខ្លួនបានប្រើប្រពន្ធឲ្យដាំបាយហូប តែនៅគ្រានោះប្រពន្ធមិនព្រមដាំដោយសម្អាងថា ហូបបាយកកនៅសល់ពីល្ងាច ខណៈនោះខ្លួនក៏បានប្រាប់ទៅប្រពន្ធវិញថា បាយកកនោះវាផ្អូមអស់ហើយ ។ បើទោះបីជាខ្លួនបានប្រាប់ថា បាយផ្អូមយ៉ាងណាក្តីប្រពន្ធនៅតែមិនព្រមដាំបាយ រហូតកើតមានទំនាស់ពាក្យសំដីគ្នាមួយប្រាវ ហើយប្រពន្ធរបស់ខ្លួនក៏រត់ចុះពីលើផ្ទះបាត់ទៅ ។
ក្រោយពីបានបាត់ប្រពន្ធមួយសន្ទុះរូបគាត់ក៏បានតាមរក ខណៈនោះបានប្រទះឃើញប្រពន្ធដេកបែកពពុះមាត់នៅក្រោមផ្ទះក្បែរដប ថ្នាំបាញ់សម្លាប់សត្វក្រា ហើយបុរសជាប្តី និងប្រជាពលរដ្ឋជិតខាងនាំគ្នាមក ជួយដឹកយកទៅមន្ទីរពេទ្យ តែពេលទៅដល់មន្ទីរពេទ្យប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ ទៅហើយ ។ ក្រោយធ្វើកោសល្យវិច័យសមត្ថកិច្ចប្រគល់សាកសពជនរងគ្រោះទៅឲ្យបុរសជាប្តី ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕