ខេត្ដសៀមរាប ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងក្មេងចាស់ប្រុសស្រី១៨ផ្សេងទៀតបានទទួលរងរបួសធ្ងន់ ស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហឹង ។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្ដសៀមរាប ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹង ថាមុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំងនោះជិះរថយន្ដឈ្នួល ម៉ាកអ៊ីស៊ុយហ្ស៊ុយ(មិនចាំស្លាកលេខ) ធ្វើដំណើរពីកើតទៅលិច។ ចំណែករថយន្ដម្ខាងទៀតម៉ាកកាមរីបាឡែន(មិនចាំ ស្លាកលេខ)បើកបរដោយបុរសម្នាក់ បានបើកបញ្ច្រាសទិសគ្នាជាមួយរថយន្ដរងគ្រោះខាងលើ លុះមកដល់កន្លែងកើតហេតុខាងលើរថយន្ដបង្កហេតុបានបើកយ៉ាងលឿន ហើយបានបែកកង់ផង នោះក៏បានរេចង្កូតមកបុករថយន្ដរងគ្រោះយ៉ាងពេញទំហឹងបណ្ដាលឱ្យអ្នក បើកបររថយន្ដបង្កហេតុស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះ ដែលមានទាំងមនុស្សតូចធំទាំងប្រុស ទាំងស្រីនិងមានកូនតូចនេះក៏ទទួលរង គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹងពេញផ្លូវផងដែរ ។
ក្រោយកើតហេតុភ្លាមៗនោះសមត្ថកិច្ចបាន ចុះទៅដល់កន្លែងកើតហេតុយករថយន្តទាំងពីររក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយជាក្រោយ ។ ចំណែកជនរងគ្រោះត្រូវរថយន្ដសង្គ្រោះមកដឹកជនរងគ្រោះទាំងអស់នេះទៅកាន់មន្ទីរពេទ្យក្នុងស្រុកក្រឡាញ់ភ្លាមៗដើម្បីជួយសង្គ្រោះ ៕