ក្រុងប៉ោយប៉ែត ៖ មានសេចក្តីរាយការណ៍មកថា គយប្រចាំច្រកព្រំដែលកម្ពុជា-ថៃ ពីររូបកំពុងបង្កព្យុះភ្លៀងចំពោះប្រជាពលរដ្ឋដែលជាកម្មករអូសរទេះនៅតំបន់ប៉ោយប៉ែត ត្រង់ចំណុចមាត់ទ្វារព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយគាបជំរិតឆៅៗ ដោយយកលេសថា ខ្លួនជាអ្នករកលុយបើកឲ្យមន្ត្រីរាជការ ។ ប៉ុន្តែធាតុពិតពួកគេកំពុងតែបំផ្លាញប្រជាប្រិយភាពរបស់គណៈគ្រប់គ្រងយ៉ាងច្បាស់ក្រឡែត ពោលគឺពួកគេបានគំរាមគំហែងកម្មករគ្រប់រូបភាពដូចជាចាប់រទេះដឹកទំនិញបន្តិចបន្តួចបង្គាប់ឲ្យបង់ប្រាក់ខុសប្រក្រតីជាដើម ។ ជាក់ស្តែងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ លោក យិន ផល្លី និងលោក អ៊ីឃីម បានចាប់រទេះដឹកទំនិញចំនួនពីររទេះក្នុងចំណោមរទេះដឹកទំនិញ៦រទេះ នេះបើតាមការរៀបរាប់ឲ្យដឹងពីកម្មករអូសរទេះម្នាក់ឈ្មោះ ណាង ។
កម្មករខាងលើបានបន្ថែមបន្តថា ក្នុងមួយថ្ងៃរូបគេត្រូវបានចំណាយពេលពេញមួយថ្ងៃនៅក្នុងផ្សាររោងក្លឿប្រទេសថៃ ដើម្បីរកម៉ូយដឹកទំនីញមកកាន់ដីខ្មែរ ហើយទំនិញដែលគាត់បានដឹកនោះគឺជាទឹកដោះគោសញ្ញារូបគោក្រហមចំនួន១៥០ដុំ ក្នុង១ដុំថ្លៃឈ្នួល៤០០រៀល ដូច្នេះទឹកដោះគោ១៥០ដុំគាត់ទទួលបានកម្រ៉ៃតែ៦ម៉ឺនរៀលពេលដឹកមកដល់ដីខ្មែរវិញ ។ ប៉ុន្តែការចំណាយរបស់គាត់ក្នុងមួយជើងបង់គយប្រចាំការនៅគល់ប្រាសាទអស់ចំនួន២ម៉ឺនរៀលឲ្យស្ថាបន័នាយកដ្ឋានកាំកុងត្រូលចំនួន៥ពាន់រៀល នគរបាលអន្តោប្រវេសន៏ចំនួន៥ពាន់រៀលថ្លៃសំបុត្រចូលផ្សារថៃ១ពាន់រៀលថ្លៃជួលរទេះចំនួន៣ពាន់រៀលសរុបការចំណាយទាំងអស់ក្នុង១លើកៗអស់ប្រាក់ចំនួន៣ម៉ឺន ៤ពាន់រៀល ដូច្នេះដែលគាត់នៅសល់ក្នុងខ្លួនត្រឹមតែ២ម៉ឺន៦ពាន់រៀល នេះបើគយមិនចាប់រទេះជំរិតយកទេនោះ។
ពាក់ពន្ធ័បញ្ហាចាប់រទេះកម្មករនេះដែរលោក ថោង សុខាំផូ ប្រធានសាខាគយនិងរដ្ឋករខេត្តបន្ទាយមានជ័យធ្លាប់បាននិយាយថា រឿងទំនិញគេចពន្ធគយត្រូវតែចាប់បង្គាប់ឲ្យពន្ធជូនរដ្ឋដើម្បីការពារភាពអាណាធិបតេយ្យកើតឡើងនាំឲ្យបាត់បង់ប្រាក់ចំណូលរដ្ឋ ប៉ុន្តែលោកថោង សុខាំផូ មិនដែលបានដឹងឡើយថា នៅច្រកព្រំដែនប៉ោយប៉ែតនាពេលសព្វថ្ងៃនេះមានករណីរត់ពន្ធទំនិញធំយ៉ាងកក្រឹកគក្រេងនោះទេ ជាក់ស្តែងដូចជា ករណីរថយន្តចូលទៅដឹកហ្គាសក្នុងដីថៃមួយថ្ងៃៗមិនតិចជាង៥០០គ្រឿងទេ លើសពីនេះលោក ហួនហៃ និងលោក យិន ផល្លី ព្រមទាំងអ៊ីឃីម បានបើកដៃឲ្យមានរូបភាពរថយន្តដឹកទំនិញបង្កប់តាមឡានដឹកហ្គាស់រាប់សិបឡានផងដែរ ប៉ុន្តែ គយ យិន ផល្លី និង អ៊ីឃីម មិនដែលបើកភ្នែកធើ្វឃើញឬបង្ក្រាបម្តងណាឡើយ។
ភាពចន្លោះប្រហោងទាំងនេះវាបានធើ្វឲ្យមតិជិតខាងគេមើលឃើញថា គយចាប់រទេះអ្នកក្រចំហឲ្យរទេះអ្នកមានប្រព្រឹត្តកំហុសឆ្គងដើម្បីផលប្រយោជន៍ខ្លួនតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយលោក ឈួន ហៃ ប្រធានការិយាល័យគយប្រចាំព្រំដែនអន្តរជាតិប៉ោយប៉ែត មិនអាចសុំការអធិប្បាយបំភ្លឺបានទេនៅថ្ងៃនេះ ។ ប៉ុន្តែសង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងមានវិធានការជាក់ជាមិនខាន ចំពោះទង្វើរបស់លោក យិន ផល្លី និង អ៊ីឃីម ដែលបន្តធើ្វព្យុះធើ្វភ្ញៀងនិងកើតមានបាតុកម្មនៅច្រកទ្វារអន្តរជាតិនេះជាមិនខាន ៕