ខេត្តសៀមរាប ៖ ជនសង្ស័យ៣នាក់ ក្នុងនោះស្ត្រី២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន គ្រាដែលជនសង្ស័យកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន ។ ហេតុការណ៍នេះប្រព្រឹត្តនៅថ្ងៃទី១០ខែមីនា ឆ្នាំ២០១៤ ត្រង់ចំណុចមុខសណ្ឋាគារ ហ្វេស ស៊ី ស៊ី (F C C) ស្ថិតនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពពីរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង៣នាក់នេះមាន ទី១. ឈ្មោះ ព្រំ យូ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូកង់បីជាមេខ្លោងជួញដូរ ទី២. ឈ្មោះ យឹម មនីកា ហៅ មិច ភេទស្រី អាយុ២៥ឆ្នាំ (ជួញដូរ) អ្នកទាំងពីរមានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ទី៣. ឈ្មោះ ស៊ិន ស៊ីថា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិភ្នំក្រោម សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចឆែកឆេរ និងដកហូតវត្ថុតាងរួមមានម្សៅមេតំហ្វេតាមីន២កញ្ចប់ទម្ងន់៣,៤ក្រាម ទូរស័ព្ទដៃចំនួន៤គ្រឿងព្រមទាំងឧបករណ៍ជក់មួយចំនួនទៀត។
ក្រោយពីសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំងបីនាក់ទៅតុលាការ រួមទាំងវត្ថុតាង ដើម្បីចាត់ការតាមផ្លូវច្បាប់៕