រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យស្ត្រីវ័យចំណាស់ម្នាក់បានរងរបួសបាក់ដៃខាងឆ្វេង គ្រាដែលរូបគាត់ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ហើយត្រូវរថយន្តប្រភេទដឹកដីធុនធំបើកកៀរឲ្យដួល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ស្ថិតលើកំណាត់ផ្លូវមុនីរ៉េត ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ែម ស្រ៊ី អាយុ ៥៣ឆ្នាំ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។ ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះ ណុប ឡាយ ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AV-2831 ធ្វើដំណើរតាមបណ្ដោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកដី មួយគ្រឿង ពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3A-2287 បើកបរដោយបុរសម្នាក់ ក្នុងទិសដោះស្របគ្នា ហើយបានកៀរម៉ូតូ បណ្តាលអ្នកបើកម៉ូតូដួល ចូលក្រោមរថយន្ត ក៏ត្រូវរថយន្តកិនបាក់ដៃឆ្វេងតែម្តង ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ចំណែករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន យក ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕