រាជធានីភ្នំពេញ ៖ នារីម្នាក់ដែលគេស្គាល់ថា ជាអ្នកបម្រើការផ្នែកចែកបៀនៅកាស៊ីណូមួយកាលពីថ្ងៃទី១១មីនា ២០១៤ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ពាក់ព័ន្ធនាំយកថ្នាំញៀនទៅឱ្យសង្សារនៅពន្ធនាគារព្រៃស ។
ប្រភពព័ត៌មានពីរបាយការណ៍មន្ត្រីតុលាការបានឲ្យដឹងថា នារីរូបនោះឈ្មោះផែង សុខធីតា អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួននារីរូបនោះ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ ជនសង្ស័យឈ្មោះ ផែង សុខធីតា ត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួន ខណៈកំពុងធ្វើដំណើរតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនចៅក្រមស៊ើបសួរ ៕