ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនPETRONAS បើកបុកយ៉ាងពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៥ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទម ស្រុកកែសីមា ខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ មិន ធឿ អាយុ២៣ឆ្នាំ មានទីលំនៅភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ចំណែករថតយន្តបង្កជាប្រភេទរថយន្តដឹកប្រេងក្រុមហ៊ុនPETRONAS។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូវីវ៉ាមួយគ្រឿង អត់ពាក់ស្លាកលេខ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុត្រូវរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន PETRONAS ដែលបើកបរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនយ៉ាងលឿង បានបុកយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះខ្ទាតប្រមាណ២០ម៉ែត្រ បោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។ ពេលឃើញហេតុការណ៍បែបនេះ អ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ នាំយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយជាក្រោយ ។ ចំណែកសពជនគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕