រាជធានីភ្នំពេញ ៖ ទីតាំងទីលានប្រជាធិបតេយ្យត្រូវបានបិទមិនឲ្យមានការប្រមូលផ្តុំជួបជុំគ្នាធ្វើបាតុកម្មរហូតដល់ការស៊ើបអង្កេតករណីហិង្សានៅផ្លូវវេងស្រេងបានបិទបញ្ចប់ ។ នេះជាសម្តីរបស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្សដែលបានថ្លែងនៅព្រឹកថ្ងៃទី១២ មីនា ២០១៤ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវមាត់ទន្លេក្បាលជ្រោយ ខាងកើតស្ពានជ្រោយចង្វា ក្នុងតំបន់អភិវឌ្ឍន៏របស់លោកឧកញ៉ា សុខ គង់ ។ នៅក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស ក៏បានរិះគន់ក្រុមអ្នកភូមិបឹងកក់ថាជាបាតុករអាជីពពហុវិស័យផងដែរ ។
គួរបញ្ជាក់ថា ទីលានប្រជាធិបតេយ្យ ដែលមានទីតាំងស្ថិតនៅខាងក្រោយស្ថានសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានត្រូវសាលារាជធានីភ្នំពេញរៀបចំបង្កើតឡើង នៅក្រោយពេលដែលច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី បានត្រូវព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៩ ធ្នូ ២០០៩ ដើម្បីឲ្យមហាជនទូទៅសម្តែងមតិទៅតាមច្បាប់ ៕